ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តមណ្ឌលគិរី​មានសិទ្ធិ​ចុះហត្ថលេខាប្រគល់ដីជាង៩០០ហិកតា​ឲ្យ​ពលរដ្ឋម្នាក់​​

ចែករំលែក៖

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ទីដែលកំពុងមានបញ្ហាចម្រូងចម្រាស់​ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចុះហត្ថលេខា​ប្រគល់ដី​ទំហំ​៩.៩០២.៤២០ម៉ែត្រការ៉េ ឬនិយាយឲ្យខ្លីថា ជាង៩០០​ហិកតា ឲ្យទៅបុរសម្នាក់ ។ តើវាជារឿងត្រឹមត្រូវឬទេ ដែល​បុគ្គលម្នាក់​ គ្រាន់តែធ្វើលិខិតប៉ុនបាតដៃ​ស្នើសុំ​កាន់កាប់​គ្រប់គ្រងដីធ្លី ស្រាប់តែអភិបាលខេត្ត​ព្រម​ឲ្យរហូតដល់ជាង​៩០០ហិកតា ។ តើប្រជាពលរដ្ឋទាំងអស់ អាចមានសិទ្ធិសុំកាន់កាប់ដីរដ្ឋម្នាក់ៗរាប់រយហិកតា​បានដែរឬយ៉ាងណា? ករណីនេះ ត្រូវមជ្ឈដ្ឋាន​នានា​នៅក្នុងខេត្តមណ្ឌលគិរីអះអាងថា វាជារឿងមិនត្រឹមត្រូវ​បើ​ត្រឹមឋានៈជាពលរដ្ឋធម្មតា ប៉ុន្តែមានលទ្ធភាព​សុំដីរដ្ឋគ្រប់គ្រង​បានរហូតដល់ជាង៩០០ហិកតានោះ ។

បើតាមប្រភពខ្សឹបខ្សៀវពីមន្ត្រី​នៅសាលាខេត្តមណ្ឌលគិរីអះអាងថា បុរសម្នាក់នោះ​នៅរាជធានីភ្នំពេញ ហើយបានទៅលួចសែនព្រេន ជាមួយកូនក្រមុំជនជាតិភាគតិចនៅទីនោះ ហើយបានប្រើអំណាច​ក្នុងនាមជាមន្ត្រី​នៃរាជរដ្ឋាភិបាល​ក្នុងការស្នើសុំដី​ នៅក្នុង​ស្រុកកោះញែក ជាង៩០០ហិកតាធ្វើជាកម្មសិទ្ធិឯកជន ។ នៅក្នុងលិខិត​មួយច្បាប់លើ​ក្រដាស A4 គេបានឲ្យដឹងថា ដីដែលបានស្នើសុំនោះ​ស្ថិតនៅភូមិកន្ត្រេះ ឃុំអរបួនលើ ស្រុក​កោះញែក ខេត្តមណ្ឌលគិរី ដោយគ្មានព្រំប្រទល់ច្បាស់លាស់ទេ ។ នៅក្នុង​ការចុះហត្ថលេខា ដែលមិនពេញលក្ខណៈ​ លោកអភិបាលខេត្ត​បានសម្រេច​ឯកភាព​តាមការស្នើសុំនោះ ។ មន្ត្រីរាជការខេត្តមណ្ឌលគិរី មើលឃើញថា លោកអភិបាលខេត្តសម្រេចប្រគល់ដីឲ្យបុរសម្នាក់ រហូតដល់ជាង៩០០ហិកតា គឺជារឿងមិនត្រឹមត្រូវ ។ ប្រជាពលរដ្ឋខ្លះរកតែដីជ្រកនៅគ្មានផង ប៉ុន្តែបែរជាអ្នកផ្សេងមានសិទ្ធិគ្រប់គ្រងដីរហូតដល់ជាង៩០០ហិកតា ។

បុរសម្នាក់នោះ​ត្រូវគេអះអាងថា មានអំណាចតួនាទីខ្ពស់ ហើយបានទៅលួចសែនព្រេនជាមួយកូនក្រមុំជនជាតិភាគតិចនៅឯខេត្ត​មណ្ឌលគិរី ខុសទៅនឹងអ្វី​ដែល​ជាការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាល ។ សម្តេចតេជោនាយករដ្ឋមន្ត្រីវះកាត់ចំពោះមន្ត្រីខិលខូច​ដែល​មានប្រពន្ធច្រើន ។ ប៉ុន្តែ​មន្ត្រីម្នាក់នោះ​មានប្រពន្ធរួចហើយ បែរជាទៅលួចសែនព្រេន​ជាមួយកូនក្រមុំជនជាតិថែមទៀត តើអាចចាត់ទុក​ថាជាទង្វើខុសច្បាប់​ ឬខុសអធិក្រមរបស់ប្រមុខរាជរដ្ឋាភិបាលដែរឬទេ? សម្រាប់មន្ត្រីរាជការ​នៅខេត្តមណ្ឌលគិរី​យល់ឃើញថា ចំណាត់ការរបស់លោកអភិបាលខេត្ត​ប្រគល់ដីងាយៗ​ឲ្យទៅបុគ្គលម្នាក់គ្រប់គ្រងរហូតដល់ជាង​៩០០ហិកតា គឺជារឿងដែលមិនត្រឹមត្រូវទេ ៕


ចែករំលែក៖