លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ទីដែលកំពុងមានបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចុះហត្ថលេខាប្រគល់ដីទំហំ៩.៩០២.៤២០ម៉ែត្រការ៉េ ឬនិយាយឲ្យខ្លីថា ជាង៩០០ហិកតា ឲ្យទៅបុរសម្នាក់ ។ តើវាជារឿងត្រឹមត្រូវឬទេ ដែលបុគ្គលម្នាក់ គ្រាន់តែធ្វើលិខិតប៉ុនបាតដៃស្នើសុំកាន់កាប់គ្រប់គ្រងដីធ្លី ស្រាប់តែអភិបាលខេត្តព្រមឲ្យរហូតដល់ជាង៩០០ហិកតា ។ តើប្រជាពលរដ្ឋទាំងអស់ អាចមានសិទ្ធិសុំកាន់កាប់ដីរដ្ឋម្នាក់ៗរាប់រយហិកតាបានដែរឬយ៉ាងណា? ករណីនេះ ត្រូវមជ្ឈដ្ឋាននានានៅក្នុងខេត្តមណ្ឌលគិរីអះអាងថា វាជារឿងមិនត្រឹមត្រូវបើត្រឹមឋានៈជាពលរដ្ឋធម្មតា ប៉ុន្តែមានលទ្ធភាពសុំដីរដ្ឋគ្រប់គ្រងបានរហូតដល់ជាង៩០០ហិកតានោះ ។
បើតាមប្រភពខ្សឹបខ្សៀវពីមន្ត្រីនៅសាលាខេត្តមណ្ឌលគិរីអះអាងថា បុរសម្នាក់នោះនៅរាជធានីភ្នំពេញ ហើយបានទៅលួចសែនព្រេន ជាមួយកូនក្រមុំជនជាតិភាគតិចនៅទីនោះ ហើយបានប្រើអំណាចក្នុងនាមជាមន្ត្រីនៃរាជរដ្ឋាភិបាលក្នុងការស្នើសុំដី នៅក្នុងស្រុកកោះញែក ជាង៩០០ហិកតាធ្វើជាកម្មសិទ្ធិឯកជន ។ នៅក្នុងលិខិតមួយច្បាប់លើក្រដាស A4 គេបានឲ្យដឹងថា ដីដែលបានស្នើសុំនោះស្ថិតនៅភូមិកន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយគ្មានព្រំប្រទល់ច្បាស់លាស់ទេ ។ នៅក្នុងការចុះហត្ថលេខា ដែលមិនពេញលក្ខណៈ លោកអភិបាលខេត្តបានសម្រេចឯកភាពតាមការស្នើសុំនោះ ។ មន្ត្រីរាជការខេត្តមណ្ឌលគិរី មើលឃើញថា លោកអភិបាលខេត្តសម្រេចប្រគល់ដីឲ្យបុរសម្នាក់ រហូតដល់ជាង៩០០ហិកតា គឺជារឿងមិនត្រឹមត្រូវ ។ ប្រជាពលរដ្ឋខ្លះរកតែដីជ្រកនៅគ្មានផង ប៉ុន្តែបែរជាអ្នកផ្សេងមានសិទ្ធិគ្រប់គ្រងដីរហូតដល់ជាង៩០០ហិកតា ។
បុរសម្នាក់នោះត្រូវគេអះអាងថា មានអំណាចតួនាទីខ្ពស់ ហើយបានទៅលួចសែនព្រេនជាមួយកូនក្រមុំជនជាតិភាគតិចនៅឯខេត្តមណ្ឌលគិរី ខុសទៅនឹងអ្វីដែលជាការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាល ។ សម្តេចតេជោនាយករដ្ឋមន្ត្រីវះកាត់ចំពោះមន្ត្រីខិលខូចដែលមានប្រពន្ធច្រើន ។ ប៉ុន្តែមន្ត្រីម្នាក់នោះមានប្រពន្ធរួចហើយ បែរជាទៅលួចសែនព្រេនជាមួយកូនក្រមុំជនជាតិថែមទៀត តើអាចចាត់ទុកថាជាទង្វើខុសច្បាប់ ឬខុសអធិក្រមរបស់ប្រមុខរាជរដ្ឋាភិបាលដែរឬទេ? សម្រាប់មន្ត្រីរាជការនៅខេត្តមណ្ឌលគិរីយល់ឃើញថា ចំណាត់ការរបស់លោកអភិបាលខេត្តប្រគល់ដីងាយៗឲ្យទៅបុគ្គលម្នាក់គ្រប់គ្រងរហូតដល់ជាង៩០០ហិកតា គឺជារឿងដែលមិនត្រឹមត្រូវទេ ៕