ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនក្រោយពេលបើកម៉ូតូឌុបគ្នាប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនសង្ស័យទី១-ឈ្មោះ រុន ស្រីថេត អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ សុខ វ៉ា អាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅសហគមន៍សែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ល្បាតក្នុងមូលដ្ឋានដល់ចំណុចឃាត់ខ្លួន បានឃើញជនសង្ស័យទាំង២ នាក់បើកម៉ូតូមួយគ្រឿង ពណ៌ក្រហម កំពុងដឹកគ្នាប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិ ។ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់សួរនាំ ហើយត្រូវជនសង្ស័យប្រាប់ថា ពួកគេទាំង២អ្នកជិះម៉ូតូវង្វេងផ្លូវទៅវិញ ។
សមត្ថិច្ចបន្តថា កន្លងមក ក្នុងភូមិសាស្រ្តត្រង់ចំណុចនេះ តែងតែកើតឡើងបទល្មើសលួច និងគាស់ផ្ទះជាញឹកញាប់ ទើបកម្លាំងសមត្ថកិច្ចឧស្សាហ៍ជិះម៉ូតូល្បាត ស្រាប់បានជួបជនសង្ស័យទាំង២តែម្តង ។ សមត្ថកិច្ចក៏បញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់នេះក៏ជាសមាសភាពអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ ។
ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ