អ្នកឯកទេសវិភាគរបស់មន្ទីរបញ្ចកោណអាមេរិកបាន ប្រកាសឲ្យដឹងថា ប្រសិនបើអាមេរិកវាយប្រហារអ៊ីរ៉ង់នោះ ក្នុងរយៈតែពីរម៉ោងប៉ុណ្ណោះ អាមេរិក នឹងកម្ទេចកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ទាំងស្រុង ។ ប៉ុន្តែអ៊ីរ៉ង់នឹងវាយបកវិញទៅលើទីតាំងអាមេរិក និងសម្ពន្ធមិត្តនៅមជ្ឈិមប៉ូព៌ា ធ្វើឲ្យខាតបង់ រាប់ពាន់ពាន់លានដុល្លារ ។
កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យវាយប្រហារ អ៊ីរ៉ងតែលុបចោលវិញក្នុងរយៈពេល១០នាទីក្រោយមក ដោយសភាអាមេរិក មុនអនុញ្ញាតហើយខ្លាចមានបញ្ហាកាន់តែធំកើតឡើង ។
បើទទួលរងការវាយប្រហារនោះ អ៊ីរ៉ង់នឹងបំផ្លាញសេដ្ឋកិច្ច ភពលោកទាំងមូល តាមរយៈការដាក់ពង្រាយមីស៊ីលបុក នៅតំបន់ឈូងសមុទ្រពែក្ស កម្ទេចរាល់នាវាដឹកទំនិញ ។ នៅពេលនោះតម្លៃទំនិញ និងប្រេង កើនឡើងខ្ពស់ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។
ជាមួយគ្នានេះដែរ អ៊ីរ៉ង់នៅមានសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធ គឺរុស្ស៊ី និងចិន ដែលតែងតែ ការពារអ៊ីរ៉ង់ ពីក្រោយជានិច្ច ទាំងនោះហើយបានជាអាមេរិក មិនហ៊ានវាយប្រហារនៅពេលនេះដោយបង្កើនការដាក់ទណ្ឌកម្ម ជំនួសវិញ ។ ប៉ុន្តែអាមេរិក នៅតែមានគោលបំណងវាយប្រហារកម្ចាត់អ៊ីរ៉ង់ដដែល ដោយសារតែអ៊ីរ៉ង់គឺជា«ឆ្អឹងទទឹងក»របស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។
តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់អាចនឹងផ្ទុះឡើងដែរ ឬទេ?
ចម្លើយគឺងាយនឹងឆ្លើយបំផុតនោះ គឺសង្រ្គាមអាចនឹងផ្ទុះឡើង ប៉ុន្តែមិនមែនពេលនេះ ហើយក៏មិនមាននរណាដឹងថា នៅពេលណានោះដែរ ។ ប៉ុន្តែបើសង្រ្គាមផ្ទុះមែន អ៊ីរ៉ង់មិនមែនជាដៃគូរបស់អាមេរិក ដែលជាមហាអំណាចយោធាលេខមួយនៅលើ ពិភពលោកបានឡើយ ។
អ៊ីរ៉ង់បានដឹងយ៉ាងច្បាប់ថា ខ្លួនរស់នៅមិនបានសុខឡើយក្រោយបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នាឆ្នាំ១៩៧៩ ។ ទាំងនោះហើយអ៊ីរ៉ង់បានខិតខំ ផលិត អាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំងមីស៊ីល ដែលអាចវាយប្រហារទៅលើទីតាំងនានារបស់អាមេរិក ។ តើអ៊ីរ៉ង់នឹងអាមេរិកមានកម្លាំងទាហាន ក៏ដូចជាសព្វាវុធ ខុសគ្នា ប៉ុណ្ណា ។
ខាងក្រោមនេះ គឺការប្រៀបធៀបត្រួសៗរវាងកម្លាំងយោធាអាមេរិក និងអ៊ីរ៉ង់៖
* សហរដ្ឋអាមេរិក
– មានកញ្ចប់ថវិកាយោធាជាង ៧១៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)
– មានកងទ័ពសកម្មចំនួន ១,២៨១,៩០០នាក់ និងទ័ពបម្រុង ៨៦០,០០០នាក់
– មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៧,២០០គ្រាប់ (មិនរាប់មីស៊ីល)
– មានរថក្រោះ ៦,៣៩៣គ្រឿង
– មានយន្ដហោះចម្បាំងសរុប ១២,៣០៤គ្រឿង
– មានឧទ្ធម្ភាគចក្រយោធា ៤,៨៨៩គ្រឿង
– មាននាវាចម្បាំងសរុប ៤៣៧គ្រឿង ក្នុងនោះនាវាផ្ទុកយន្ដហោះចម្បាំង ២៤គ្រឿង និងនាវាមុជទឹក ៧១គ្រឿង ។
* ប្រទេសអ៊ីរ៉ង់
– មានកញ្ចប់ថវិកាយោធា ១៩.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)
– មានកងទ័ពសកម្ម ៥៥០,០០០នាក់ និងទ័ពបម្រុង ៣៥០,០០០នាក់
– មានរថក្រោះ ២,៥៣១គ្រឿង (មិនរាប់បញ្ចូលមីស៊ីល និងគ្រាប់រ៉ុក្កែត)
– មានយន្ដហោះចម្បាំងសរុប ៨៥០គ្រឿង
– មានឧទ្ធម្ភាគចក្រយោធាសរុប ៣២៤គ្រឿង
– មាននាវាចម្បាំងសរុប ៤០៦គ្រឿង និងនាវាមុជទឹក ៣៤-៤០គ្រឿង ។
យ៉ាងណាក៏ដោយការរៀបរាប់អំពី សក្កានុពលយោធាជាក់ស្តែងរវាងប្រទេសទាំងពីរ មិនអាចបង្ហាញអំពីភាពឈ្នះ ឬចាញ់សង្គ្រាម ដែលអាចទៅរួចទាំងស្រុងនោះឡើយ ខណៈកត្តាសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រយោធា ទីតាំងភូមិសាស្ត្រ និងការជួយបន្ថែមពី ក្រោយខ្នង ឬដោយចំពោះពីសំណាក់បណ្តាសម្ព័ន្ធមិត្ត នៃភាគីជម្លោះរៀងៗខ្លួននោះ ក៏ចាំបាច់ដែលអាចបង្កើន កម្លាំងប្រទេសនីមួយៗ នៅក្នុងពេលផ្ទុះសង្គ្រាមនោះផងដែរ ។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ផ្ដើមផែនការដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងទីក្រុងតេហេរ៉ង់កាលពីចុងឆ្នាំ២០១៨ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន កាលពីខែឧសភាបានអះអាងថា ខ្លួនបានដឹងអំពីផែនការសម្ងាត់របស់អ៊ីរ៉ង់ ដែលកំពុងត្រៀមវាយប្រហារមកលើសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់មជ្ឈិបូព៌ា ។
ដូច្នេះដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាជាធំ អាមេរិកក៏សម្រេចបញ្ជូនកងកម្លាំងយោធា និងសព្វាវុធគ្រប់ប្រភេទមកកាន់តំបន់នេះតែម្តង ។ បន្ថែមពីនេះភាពតានតឹងរឹតផ្ទុះខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ជាថ្មីថា ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេង ០២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ។ យ៉ាងណាក៏ដោយបណ្តាមហាអំណាចដូចជា ចិន រុស្ស៊ី និងប្រទេសមួយចំនួននៅអឺរ៉ុប សុទ្ធតែបានចេញសារព្រមាន អំពីសកម្មភាពក្តៅគគុកនៅមជ្ឈិមបូព៌ា ដែលអាចឈានទៅរកសង្គ្រាមគ្រប់ពេលវេលា និងបានអំពាវនាវឲ្យគ្រប់ភាគី បញ្ឈប់នូវសកម្មភាពបង្កហេតុនានា ៕