ភ្នំពេញ ៖ រថយន្តម៉ាកតូយូតាព្រូស មួយគ្រឿង បានបើកជែងគេឯងតាមដងផ្លូវ រេចង្កូតធ្លាក់ផ្លូវទៅបង្គូលភ្លើងថ្មពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងយ៉ាងដំណំចំណែកបង្គោលភ្លើងថ្មបែកប្រេះជិតបាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តឫស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តបង្ករម៉ាក តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ- 3152 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្តម៉ាក តូយូតាព្រូស ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ព្រមទាំងបានជែង ជាមួយរថយន្តមួយគ្រឿងទៀតមកខាងស្តាំដៃ បណ្តាលឲ្យរថយន្ត រេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុក និងបង្គោលភ្លើងថ្មមួយដើមទំហឹង ធ្វើឲ្យរថយន្តវិលមួយជុំ ខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសតិចតួច ដោយឡែកបង្គោលភ្លើងវិញក៏បានបែកប្រេះជិតបាក់ផងដែរ ។
ប្រភពដដែលបានបន្តថា បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ពីរទៅបីនាក់ មិនដឹងជានិយាយជាមួយខាងរថយន្តបង្កអ្វីខ្លះនោះទេ បន្ទាប់មកក៏បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ ដោយមិនរាយការណ៍ទៅផ្នែកជំនាញ ធ្វើឲ្យតំណាងរថយន្តហៅរថយន្ត មកស្ទូចយករថយន្តបង្កទៅបាត់ ដោយមិនទទួលខុសត្រូវលើការខូចខាតរបស់សម្បត្តិរដ្ឋ ៕ ភារ៉ា ដង្កោ