ភ្នំពេញ៖ បុរម្នាក់បើករថយន្តភ្លេចមើលក្បាលនាគពុះចែកទ្រូងផ្លូវ បានជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (ក្បែរស្ពានអាកាសស្ទឹងមានជ័យ ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា សុីណា ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AV-5798 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ន និងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្តួច ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងទៅមុខលេងរួច ។ ក្នុងករណីនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ឲ្យមកពិនិត្យ ។ ដោយឃើញទ្រូងផ្លូវមិនសូវមានការខូចខាតទើបប្រគល់រថយន្តឲ្យម្ចាស់យកទៅជួសជុលខ្លួនតែម្ដង ៕ ភារ៉ា ដង្កោ