ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យសិប្បកម្មកាត់ដេរសម្លៀកបំពាក់ និងទុយយោបឺត ដែលគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទៅត្រួតពិនិត្យសិប្បកម្មកាត់ដេរសម្លៀកបំពាក់ និងសិប្បកម្មផលិតទុយោបឺ២កន្លែង បន្ទាប់ពីស្រាវជ្រាវរកឃើញថា ទីតាំងទាំង២នេះស្ថិតនៅជាប់គ្នាក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគ្មានស្លាកយីហោ និងបានដំណើរការផលិត និងធ្វើអាជីវកម្ម ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានឡើយ និងត្រូវបានកម្លាំងខាងលើចុះទៅពិនិត្យកាលពីវេលាម៉ោង ៣ និង១៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។

តាមប្រភពពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា កម្លាំងដែលចុះទៅកាន់ទីនោះរួមមានមន្រ្តីសាលាខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ មន្រ្តីការិយាល័យបរិស្ថានខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ចោម១ និងនគរបាលប៉ុស្តិ៍ចោមចៅ ក្រោមការដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា ។

ប្រភពដដែលបានបន្តថា ខណៈចុះទៅដល់បានត្រួតពិនិត្យឃើញថាសិប្បកម្មទាំង២ទីតាំងនោះដំណើរការយ៉ាងសកម្មបំផុត ប៉ុន្តែពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ រីឯស្លាកយីហោក៏គ្មានដែរ ។ កម្លាំងមិនបានឲ្យផ្អាកសកម្មភាពផលិតឡើយ គឺនៅតែអនុញ្ញាតឲ្យបន្តដំណើរការផលិតដដែល ។ តំណាងសិប្បកម្មកាត់ដេរសម្លៀកបំពាក់មានឈ្មោះ ខៀវ សុភនា ចំណែកឯតំណាងសិប្បកម្មផលិតទុយយោបឺតមានឈ្មោះវ៉ាន់ សម្បត្តិ ហើយពេលនោះ គណៈកម្មការចម្រុះខាងលើបានសម្រេចអញ្ជើញម្ចាស់ឲ្យទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខដើម្បីបំពេញបែបបទសុំច្បាប់ធ្វើសិប្បកម្មឲ្យបានត្រឹមត្រូវមិនអនុញ្ញាតឲ្យដំណើរការដោយគ្មានច្បាប់ទម្លាប់បែបនេះតទៅទៀតបានឡើយ ។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅកាន់ទីនោះ បានណែនាំឲ្យម្ចាស់សិប្បកម្មទាំង២គោរពច្បាប់ត្រូវបង្កើតច្រកសុវត្ថិភាពសម្រាប់ជម្លៀសកម្មករចេញនៅពេលមានគ្រោះភ័យអាសន្នកើតឡើង ។ ជាពិសេសត្រូវគិតគូរពីបញ្ហាសុខភាពសុវត្ថិភាពរបស់កម្មករ តាមរយះកែលម្អបរិស្ថាន និងបរិយាកាសឲ្យបានល្អប្រសើរ និងត្រូវចូលរួមសហការ រាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរពេលមានហេតុការណ៍អ្វីមួយកើតឡើង ជាពិសេសហេតុការណ៍កើតឡើងលើកម្មករជាយថាហេតុណាមួយ ៕ សុខាសែនជ័យ​


ចែករំលែក៖