ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទឆ្លងឆ្លើយជាមួយគូសង្សារ ត្រូវក្រុមចោរមានគ្នា២នាក់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចរត់បាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរតាមផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខស្ថានីយទូរទស្សន៍CTN ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា អាយខុន ពណ៌ខៀវលាយស បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុ ជនរងគ្រោះ ទើបតែចេញមកពីផ្ទះនៅម្ដុំគីឡូលេខ៧ក្នុងបំណងទៅជួបសង្សារនៅនៅមុខស្ថានីយទូរទស្សន៍CTN លុះពេលដែលជិតដល់ផ្ទះសង្សារហើយ ក៏លេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ មិនចាំស្លាកលេខបានជិះមកក្បែរជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកedgeplus បានសម្រេចហើយបើករត់គេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យនារីរងគ្រោះដួលម៉ូតូរលាត់ដៃរលាត់ជើង ហើយភ្លាមនោះដែរ ក៏សមត្ថកិច្ចខណ្ឌឫស្សីកែវបានអន្តរាគមន៍ជួយដេញចាប់ជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធី ៕ ធឿនព្រែកជ័យ