ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់បាយគុយទាវ នៅខេត្តស្វាយរៀង យកសាច់សត្វផ្សេងមកជំនួសសាច់ជ្រូក ក្រោយមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វិក នៅឃុំក្រោលគោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករនៅក្រុងស្វាយរៀងបានលើកឡើងថា ពួកគាត់ឥឡូវ មិនសូវបានទិញសាច់ជ្រូកយកមកធ្វើម្ហូបបរិភោគនោះទេ ទោះបីជាខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តស្វាយរៀងបានផ្សព្វផ្សាយស្តីពីជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិកដែលកំពុងផ្ទុះឡើង នៅឃុំក្រោលគោស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយប្រភេទនេះមិនអាចឆ្លងមកមនុស្សនោះទេ ហើយការព្រួយបារម្ភរបស់ព្រជាពលរដ្ឋ ជាហេតុធ្វើឲ្យអាជីវករលក់សាច់ជ្រូក និងតាមហាងលក់បាយគុយទាវមួយចំនួនក្នុង ខេត្តស្វាយរៀងឈប់លក់សាច់ជ្រូកប្តូរមកលក់សាច់គោ សាច់មាន់ និងសាច់ត្រីជំនួសវិញជាដើម ។

ពួកគាត់បានបន្តថា៖ ចាប់តាំងពីគាត់ចាប់អាជីពជាអ្នកលក់បាយគុយទាវ គឺជាលើកទីមួយដែលគាត់លក់សាច់ជ្រូកចៀនមិនដាច់ហើយគ្មានអ្នកហូបសល់ស្ទើរតែរាល់ថ្ងៃភ្ញៀវដែលមកហូបបាយ និងកុម្ម៉ង់បាយសាច់ជ្រូក ក៏ប្តូរមកហូបបាយសាច់គោ ព្រោះមួយរយៈនេះល្បីថា មានជំងឺប៉េស្តជ្រូកអាហ្រ្វិកផ្ទុះឡើង និងមានវត្តមាននៅខេត្តស្វាយរៀងផង ហើយភ្ញៀវមកមួយចំនួនចេះតែខ្លាចជំងឺនេះ មិនហ៊ានបរិភោគសាច់ជ្រូក ដោយខ្លាចប៉ះពាល់ដល់សុខភាព ទើបធ្វើឲ្យពួកលក់មិនដាច់អេ(សល់)ស្ទើររាល់ថ្ងៃ ។

អ្នកលក់បាយខាងលើបន្តទៀតថា កាលដើមឡើយនៅក្នុងមួយថ្ងៃៗ គាត់ទិញសាច់ជ្រូកយកមកប្រឡាក់ចៀនលក់ពី១០គីឡូក្រាម ទៅ១៥គីឡូក្រាម លុះមកដល់សព្វថ្ងៃ ដោយមានវត្តមានជំងឺប៉េស្តជ្រូកអាហ្រហ្វិកនោះ ការលក់បាយគុយទាវមានការថយចុះជាលំដាប់រហូតដល់គាត់សម្រេចចិត្តបញ្ឈប់លក់សាច់ជ្រូកតែម្តង ។

អ្នកស្រីបញ្ជាក់ទៀតថា បើសិនជាជំងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយ មានភ្ញៀវមករកទើប គាត់ហ៊ានលក់វិញបើ មិនដូច្នេះគឺសល់គ្មានអ្នកទិញហូបឡើយ ។

ស្រដៀងគ្នានេះដែលអាជីវករជាអ្នកលក់សាច់គោសាច់ជ្រូកនៅផ្សារប្រសូត្របានប្រាប់ឲ្យថា៖កាលពីមុនពួកគាត់លក់សាច់ជ្រូកដាច់គួរសមក្នុងមួយថ្ងៃអាចលក់អស់១០០គីឡូក្រាមទៅជាង១០០គីឡូក្រាមជប៉ុន្តែមួយរយៈនេះដោយសារមានផ្ទុះនូវជង្ងឺប៉េស្តជ្រូកអាហ្វ្រិកមកគាត់លក់សាច់តែ១០គីឡូក្រាមមិនអស់ផង ។

គួររំលឹកថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បង្ក​ឲ្យ​សត្វ​ជ្រូក​ងាប់ ងាយ​ចម្លងទៅសត្វជ្រូកផ្សេង​ខ្លាំង​ណាស់ និងបណ្តាលឲ្យសត្វជ្រូកទាំងងាប់ពុំមានថ្នាំព្យាបាលទេប៉ុន្តែតាមការប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រកាសថាចំពោះជង្ងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សនោះទេគឺឆ្លងតែសត្វជ្រូក ។

ជំងឺប៉េស្តជ្រូកអាហ្រ្វិកថ្វីត្បិតមិនប៉ះពាល់ដល់មនុស្ស យ៉ាងណាក៏ដោយ តែពលរដ្ឋ និងអាជីវករមួយចំនួននៅខេត្តស្វាយរៀងបានងាកមកលក់សាច់សត្វផ្សេង ខណះមានករណីផ្ទុះឡើងនៅក្នុងឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖