ខេត្តស្វាយរៀង៖ ហេតុអីក៏លោកប្តីដាច់ចិត្តទៅចោលប្រពន្ធ និងកូនៗ ខណៈភរិយាសម្រាលកូន និងមានជម្ងឺងងឹតភ្នែក ស្ថិតក្នុងគ្រាទ័លក្របែបនេះ គួរណាស់គិតពីសេចក្តីលំបាលវេទនា គ្រាចាប់ដៃគ្នាជាគូផង..!
គេស្តីបន្ទោសថា៖ ប្តីរួមតែសុខ ផ្ទុយទៅវិញពេលប្រពន្ធមានទុក្ខ សម្រាលកូនបាន៣ខែ ធ្លាក់ខ្លួនងងឹតភ្នែក ប្តីក៏ចុះចោល ទុកឲ្យប្រពន្ធកូនរស់នៅវេទនា កំសត់ រកអង្ករច្រកឆ្នាំងសឹងមិនបាន។ ឯណាទៅគុណធម៍ជាមនុស្សប្រុស ជាឪពុកគេ ប្តីគេ..? ជាក់ស្តែងស្ត្រីទីទ័លក្រម្នាក់ ក្រោយពេលសម្រាលកូនទី២ បានរយៈពេល៣ខែ ក៏កើតជំងឺងងឹតភ្នែកទាំងសងខាង អ្វីដែលគួរសង្វែកជាងនេះទៅទៀតនោះ គឺប្តីរបស់គាត់បានចុះចោលផ្ទះ ទុកឲ្យរូបគាត់រស់នៅជាកូនប្រុសតូចៗទាំង២នាក់ ក្នុងខ្ទមបាក់បែក ជញ្ជាំងពុកផុយ ធ្លុះធ្លាយ ដំបូលស្ទើរតែប្រក់មេឃ ឃើញតែព្រះច័ន្ទ រងទុក្ខវេទនាបំផុត។
លោកស្រី ពេជ្រ ស្រីមុំ ជំទប់ទី១ ឃុំធ្មា បានប្រាប់អ្នកសារព័ត៍អោយដឹងថា៖ ស្ត្រីខាងលើមានឈ្មោះ ចិន ហឿន អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃចំការ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។ គាត់បាននៅជាមួយប្តីជាច្រើនឆ្នាំមកហើយ និងបានចំណងដៃបានកូនប្រុស២នាក់ ក្នុងនោះកូនទី១ អាយុ៤ឆ្នាំ និងកូនទី២ មានអាយុ៣ឆ្នាំ។
ដោយឡែកស្ត្រីដ៏កំសត់ឈ្មោះ ចិន ហឿន នេះបាននិយាយប្រាប់អ្នកសារព័ត៍មាន ទាំងក្តីអស់សង្ឃឹម និងឈឺចាប់ថា៖ ក្រោយពីរូបគាត់បានសម្រាលកូនទី២ ក្នុងអំឡុងឆ្នាំ២០១៦ បានតែ៣ខែ ស្រាប់តែភ្នែករបស់គាត់ស្រវាំងព្រិល មើលអ្វីមិនសូវច្បាស់នោះទេ រហូតមកដល់បច្ចុប្បន្ននេះ រូបគាត់គឺងងឹតភ្នែកមើលលែងឃើញតែម្តង។ ស្ត្រីកំសត់រូបនេះបន្តទៀតថា កាលគាត់មិនទាន់ងងឹតភ្នែក គឺគាត់បានបម្រើការងារជាកម្មការិនីរោងចក្រ ប៉ុន្តែឥឡូវពុំអាចធ្វើអ្វីបាននោះទេ ហើយបញ្ហាដែលសំខាន់ជាងនេះទៅទៀតនោះ គឺត្រូវមើលថែកូនទាំង២នាក់ ដែលនៅតូចៗ ធ្វើឲ្យគាត់ជួបការលំបាកយ៉ាងខ្លាំង ថែមទាំងពុំអាចធ្វើការរកស៊ីអ្វីបានទៀត។ គាត់បញ្ជាក់ថា ប្តីរបស់គាត់ គឺជាមនុស្សគ្មានទទួលខុសត្រូវ ដោយរូបគាត់បានរៀបការមួយគ្នារហូតបានកូន ២នាក់ហើយ ដល់ពេលធ្លាក់ខ្លួនឈឺដល់ថ្នាក់ពិការភ្នែក មើលអ្វីលែងឃើញ បែរជាចុះចោលផ្ទះសំបែង ប្រពន្ធកូន ទុកប្រពន្ធកូន រស់នៅវេទនាជាមួយឪពុកម្តាយបង្កើត ដែលមានជីវភាពទីទ័លក្រ។ មានពេលខ្លះ សុខចិត្តដេកយំបង្ហូរទឹកភ្នែក ដោយសារខ្លួនពិការ រកមើលអ្វីមិនឃើញ សូម្បីតែបោកសម្លៀកបំពាក់ឲ្យកូន ក៏ធ្វើមិនបាន។
ជាចុងក្រោយ ស្ត្រីកំសត់រូបនេះ បានអំពាវនាវដល់សប្បុរសជនជិត ឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់ផង ដែលកំពុងតែជួបនូវទុក្ខវេទនា រស់នៅដោយសារឪពុកម្តាយបង្កើត ផ្តល់បាយទឹកឲ្យហូប ហើយកន្លងមក ក៏ធ្លាប់មានអាជ្ញាធរមូលដ្ឋាន ខាងកាកបាទក្រហមស្រុក ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាស្រុក បានជួយឧបត្ថម្ភ និងសម្រាលដល់ការខ្វះរបស់បានមួយកម្រិត ដែលគាត់មិនបំភ្លេចបានទេនូវចិត្តសប្បុរធម៍ទាំងនេះ៕យឹម សុថាន