ព័ត៌មានទាន់ហេតុការណ៍៖

យកអីវ៉ាន់ចុះពីលើរថយន្តមិនបានពន្លត់ម៉ាស៊ីន ត្រូវចោរលួចបើកយកទៅប្លុងចោល នៅក្បែរស្ពានអាកាស៥មករា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ខណៈចុះពីលើរថយន្តមិនបានពន្លត់ម៉ាស៊ីន ស្រាប់តែមានជនសង្ស័យម្នាក់ លួចបើករថយន្តរបស់គាត់ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

បុរសជាម្ចាស់រថយន្តមានឈ្មោះ ជៀប ចន្ថា អាយុ៤៤ឆ្នាំ មុខរបបអ្នកបើករថយន្ត ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីបុរសរងគ្រោះ បានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តម៉ាកតូយ៉ូតា RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-7017 ទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ពេលគាត់ចុះពីលើរថយន្តទាំងមិនបានពន្លត់ម៉ាស៊ីន ព្រោះគិតថានៅមិនយូរទេ ស្រាប់តែមានជនសង្ស័យម្នាក់បានឡើងរថយន្តរបស់គាត់ បើកចេញទៅបាត់ ធ្វើឲ្យរូបគាត់ភ័យ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទើបរូបគាត់ប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗ ។

ដោយសារតែរថយន្តរបស់គាត់មានភ្ជាប់ប្រព័ន្ធ GPS ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញរថយន្តផ្លុងចោលក្នុងផ្ទះចាស់ ដែលគេទុកចោល នៅចំណុចគល់ស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក តែជនសង្ស័យបានគេចខ្លួនបាត់ស្រមោលទៅហើយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានយករថយន្ត និងនាំម្ចាស់ ទៅធ្វើឯកសារនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីប្រគល់រថយន្តឲ្យទៅម្ចាស់វិញ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖