ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលនគរបាលអះអាងជាប់ព័ន្ធនាគារច្រើនលើក ត្រូវបានកម្លាំងនគរបាលចាប់ក្រៀកដាក់ខ្នោះម្ដងទៀត បន្ទាប់ពីជនសង្ស័យរូបនេះ វាយប្អូនថ្លៃ នឹងដំបងឈើជ្រយងប្រវែងជិត ២ម៉ែត្របណ្ដាលឲ្យរងរបួស ។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀល ថ្ងៃពុធ ១រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចាំចំការទល់មុខលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ជឿង ប៊ុនរិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅចំណុចដូននាគ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ចំណែកជនរងរបួសឈ្មោះ ជា ធា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំជាមួយគ្នា ហើយត្រូវជាប្អូនថ្លៃជនបង្ក ។
លោក អធិការបន្តថា ជនសង្ស័យដៃដល់បានប្រើប្រាសឈើជ្រុងប្រវែងប្រមាណ ១,៩០ម៉ែត្រជាអាវុធ វាយប្រហាលើជនរងគ្រោះជាប្អូនថ្លៃបណ្ដាលឲ្យរបួសត្រង់ចំណុចក ដែលហេតុការណ៍នេះបានផ្ដើមចេញពីការផឹកសុីជុំគ្នា ហើយក៍បានទំនាសពាក្យសម្ដីឡើងតឹងសសៃករៀងៗខ្លួនរហូតឈានដល់វាយគ្នាតែម្ដង ។
លោក បន្តទៀតថា ជនសង្ស័យដៃដល់ឈ្មោះ ជឿង ប៊ុនរិទ្ធ ជាមនុស្សធ្លាប់ប្រើប្រាសគឿងញៀន និងផឹកសុីអ៊ួទីនួ ហើយធ្លាប់ជាប់ព័ននាគាច្រើនលើក ជនសង្ស័យបានបំពេញសំណុំឯកសារ និងបញ្ជូនបន្តទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការផ្លូវច្បាប់ ៕ បុឹម ពិន