បើទោះបីជាអាជ្ញាធរស្រុកសំរោងទង ខេត្តកំពង់ស្ពឺសហការជាមួយមន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ស្ពឺចេញលិខិតឲ្យឈ្មោះ ឈឿន ប៊ុនធឿន ផ្អាកសកម្មភាពធ្វើអាជីវកម្ម ជីករណ្តៅដីនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ សកម្មភាពជីករណ្តៅដីនៅតែធ្វើជាធម្មតា ។ បើតាមអ្នកភូមិនៅក្បែរខាងអះអាងថា លោក ឈឿន ប៊ុនធឿន មិនញញើតថ្នាក់ស្រុក និងមន្ទីររ៉ែ និងថាមពលនោះទេ ព្រោះគាត់មានខ្នងបង្អែកធំនៅខេត្តកំពង់ស្ពឺ គឺលោកអភិបាលខេត្តនោះតែម្តង ។ ប្រការនេះ ប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចាត់វិធានការយ៉ាងណាក៏បញ្ឈប់សកម្មភាពជីករណ្តៅដីរបស់ឈ្មោះ ឈឿន ប៊ុនធឿន នោះផង ពីព្រោះបើមើលទៅ ឥទ្ធិពលរបស់មន្ទីរ រ៉ែ និងថាមពល មិនអាចឲ្យឈ្មួញ ឈឿន ប៊ុនធឿន ញញើតនោះទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរខាងរណ្តៅដីរបស់ឈ្មួញឈឿន ប៊ុនធឿន នៅម្តុំភូមិបាញ់កង្កែបបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ បានចេញលិខិតឲ្យឈ្មួញ ឈ្មោះ ឈឿន ប៊ុនធឿន បញ្ឈប់សកម្មភាពធ្វើអាជីវកម្មជីកយកអាចម៍ដីនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ដោយសារអាជីវកម្មនោះមិនទាន់មានច្បាប់អនុញ្ញាត។ ក៏ប៉ុន្តែទំនងឈ្មួញឈ្មោះ ឈឿន ប៊ុនធឿន មានខ្នងបង្អែករឹងមាំទើបមិនអនុវត្តន៍តាមលិខិតរបស់មន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ ហើយបន្តអាជីវកម្មរណ្ដៅដីក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង យ៉ាងគឃ្លើនដដែល។ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិបាញ់កង្កែប បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ឈឿន ប៊ុនធឿន នៅតែជីកយកអាចម៍ដីហើយប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មយ៉ាងរលូន។
មន្ត្រីមូលដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឹអះអាងថា ឈ្មួញម្នាក់នេះ បង្កការភ័យខ្លាចដល់អ្នកភូមិ ក្នុងស្រុកសំរោងទងអំពីបញ្ហារណ្តៅដី ដែលបង្កគ្រោះថ្នាក់នោះ ប៉ុន្តែអាជ្ញាធរស្រុកគ្មានលទ្ធភាពនឹងបង្ក្រាប ឬបញ្ឈប់សកម្មភាពនៃការជីកកកាយរណ្តៅដីនោះឡើយ ។ ប្រភពពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីររ៉ែ និងថាមពលខេត្ត កំពង់ស្ពឺអះអាងថា មានតែលោកអភិបាលខេត្តទេ ដែលអាចចាត់វិធានការចំពោះឈ្មួញ ឈឿន ប៊ុនធឿន នេះបាន ។ បើតាមជាក់ស្តែង ឋានៈត្រឹមអភិបាលស្រុក ឬប្រធានមន្ទីររ៉ែ និងថាមពល ឈ្មួញឈឿន ប៊ុនធឿន មិនញញើតនោះឡើយ ពោលគឺនៅតែបន្តសកម្មភាពជីករណ្តៅដីខុសបទដ្ឋានបច្ចេកទេស និងបំពានសេចក្តីណែនាំរបស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺនោះទៀតផង ។ អ្នកភូមិក្បែរខាងរណ្តៅដី ក៏ដូចជាភូមិបាញ់កង្កែបរំពឹងថា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺង នឹងចាត់វិធានការចំពោះឈ្មួញម្នាក់នេះ ៕