រដូវវស្សានេះថយបន្តិចហើយរោងការ ប៉ុន្តែរោងបុណ្យនៅតែកើតមានជាធម្មតា ។ អ្វីដែលតាមការកត់សម្គាល់របស់នាងខ្ញុំ សង្កេតឃើញថា រោងការ រោងបុណ្យខ្លះ នៅតែបំពានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ។ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងប្រកាសឲ្យប្រជាពលរដ្ឋដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩តទៅ សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសង់រោងការ រោងបុណ្យ និងរោងកម្មវិធីផ្សេងៗនៅលើផ្លូវសាធារណៈនោះឡើយ ។ ប៉ុន្តែមិនឃើញមានការអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពនោះទេ ពោលគឺនាងខ្ញុំសង្កេតឃើញថា នៅតែមានរោងបុណ្យ រោងការ និងរោងកម្មវិធីនានា ដែលខ្លះបិទផ្លូវតែម្តង ។
និយាយយ៉ាងដូច្នេះមិនមែនមានន័យថា តើត្រូវដោះស្រាយយ៉ាងណា ពេលមានបុណ្យទានម្តងៗនោះឡើយ ។ ពិតហើយសេចក្តីស្លាប់ត្រូវមានពិធីបុណ្យទាន តើអាចឲ្យធ្វើរោងបុណ្យនៅទីណា? តាមនាងខ្ញុំយល់ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ មិនមានគោលដៅណាមួយ មិនអនុញ្ញាតទាំងស្រុងចំពោះរោងបុណ្យសពនោះទេ ។ គ្រាន់តែថា ការធ្វើរោងបុណ្យសពបិទផ្លូវ គួរតែត្រូវបានបញ្ឈប់ ឬមិនអនុញ្ញាតឲ្យធ្វើរោងបិទផ្លូវទេ ។ ចំណែកផ្លូវណាមួយ ត្រូវទុកសម្រាប់អ្នកធ្វើដំណើរអាចធ្វើចរាចរណ៍បានផង ។ ផ្ទុយទៅវិញ មួយរយៈកន្លងមក រហូតដល់បច្ចុប្បន្ន រោងពិធីនានាភាគច្រើនត្រូវបានបិទផ្លូវស្ទើរតែទាំងស្រុង ។ ខ្លះសល់តែមួយច្រកម៉ូតូ សម្រាប់ធ្វើដំណើរទៅ មិនអាចធ្វើដំណើរមកបានឡើយ ។
តាមការកត់សម្គាល់របស់នាងខ្ញុំ វិធានការរបស់សាលារាជធានីភ្នំពេញ មិនត្រូវបានអនុវត្តឲ្យខ្ជាប់ខ្ជួននោះឡើយ ផ្ទុយទៅវិញ នៅតែមានអ្នកសង់រោងការ រោងបុណ្យ បិទផ្លូវជាដដែល ។ ប្រការនេះដោយសារអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម ពោលគឺចៅសង្កាត់ និងសាលាខណ្ឌយោគយល់ចំពោះម្ចាស់កម្មវិធី ។ អាជ្ញាធរខ្លះ នឹកថា ម្ចាស់កម្មវិធី យូរៗមានកម្មវិធីម្តង ដូច្នេះ បើទៅហាមប្រាមមិនឲ្យសង់រោង វាហាក់ដូចជាមិនសមរម្យ ។ ចំណុចនេះហើយ ដែលធ្វើឲ្យច្បាប់របស់អាជ្ញាធរក្រុងមិនត្រូវបានអនុវត្តឲ្យខ្ជាប់ខ្ជួន ។ ការដែលមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួន ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅរិះគន់ដល់សាលារដ្ឋបាលរាជធានីភ្នំពេញថា ចេញច្បាប់បានត្រឹមតែចេញ ប៉ុន្តែមិនត្រូវបានប្រជាពលរដ្ឋអនុវត្តនោះឡើយ ។ ការមិនអនុវត្តនៅក្នុងអំឡុងពេលនេះ អាចនឹងរីករាលដាលនៅរដូវប្រាំងឆ្នាំក្រោយ គ្រាដែលមានពិធីមង្គលការច្រើន ។
នាងខ្ញុំយល់ថា វិធានការជាក់ស្តែងមួយចំនួនដូចជាត្រូវរុះរោងដែលបិទផ្លូវ តម្រូវឲ្យបើកផ្លូវពាក់កណ្តាលឡើងវិញ ដោយមិនយោគយល់ ទោះបីជាកំពុងមានពិធីបុណ្យក៏ដោយ ។ រីឯរោងពិធីបុណ្យផ្សេងៗ ដូចជាមង្គលការ ឡើងគេហដ្ឋាន ឬក៏ខួបកំណើតក៏ដោយ នៅពេលដែលអាជ្ញាធរមើលឃើញថា រោងនោះបានបិទផ្លូវ គឺត្រូវតែដឹកនាំកម្លាំងទៅបើកផ្លូវវិញភ្លាម ។ ជាមួយនោះ អាជ្ញាធរថ្នាក់សង្កាត់មិនត្រូវអនុញ្ញាតឲ្យមានរោងពិធី នៅលើផ្លូវជាដាច់ខាត ។ អាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់ គឺជាភ្នែកច្រមុះរបស់អាជ្ញាធរក្រុងដើម្បីចាត់ការរឿងនេះ ។ សាលារាជធានីភ្នំពេញ ពិតជាគ្មានពេលវេលាគ្រប់គ្រាន់ដាក់កម្លាំងដើរតាមឃ្លាំមើលចំពោះបញ្ហារោងបុណ្យ រោងការសង់បិទផ្លូវនោះទេ ។ ដូចគ្នានេះដែរ បញ្ហាកកស្ទះចរាចរណ៍នៅចំណុចណាមួយ គួរតែថ្នាក់ក្រោម ពោលគឺសង្កាត់ត្រូវរាយការណ៍ជូនសាលាក្រុង ។ នៅពេលដែលត្រូវបានរាយការណ៍ហើយ វិធានការយ៉ាងណានោះ គឺសាលារាជធានីភ្នំពេញជាអ្នកចាត់ការ ពីព្រោះខ្លួនជាអ្នកចេញច្បាប់ ៕ ប្រជាពលរដ្ឋម្នាក់