ព័ត៌មានទាន់ហេតុការណ៍៖

រឿងរថយន្តធុនធំបើកចូលក្រុងភ្នំពេញខុសម៉ោង នៅតែបង្កគ្រោះថ្នាក់ ខណៈរថយន្តមួយគ្រឿងបង្គោលភ្លើង៣ដើមបាក់រលំ ហើយចាប់អត់បានទៀត នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានជម្រាបដល់ម្ចាស់រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ របស់ក្រុមហ៊ុនឯកជន និងរដ្ឋ ជាពិសេសរថយន្តកុងតឺន័រ មិនអនុញ្ញាតឲ្យបើកបរចូលក្រុងភ្នំពេញទេ ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ៩យប់ ដូចជាគ្មានប្រសិទ្ធភាពទល់តែសោះ បើទោះបីជារថយន្តធុនធំគ្រប់ប្រភេទទាំងនោះ បើកចូលក្រុងភ្នំពេញ មិនគោរពពេលវេលា ហើយតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាញឹកញ៉ប់ និងបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាងណាក៏ដោយ ។

ជាក់ស្តែងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបង្គោលបំពាក់ខ្សែកាបចំនួន២ដើម បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងស្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ ត្រូវបានបាក់រលំ កាត់ទទឹងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ បន្ទាប់ពីរថយន្តធុនធំ បើកបុក និងទាក់ខ្សែ ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មិនច្បាស់ថារថយន្តបង្កនោះម៉ាកអីនោះទេ គ្រាន់តែដឹងថារថយន្តនោះធុនធំដឹកទំនិញសំពឹងសំពោង បានបើកកាត់ផ្លូវនេះបណ្ដាលឲ្យទាក់ខ្សែកាប និងខ្សែភ្លើង ទាញបាក់រលំបង្គោលនោះដែរ ហើយមានរថយន្តធុនធំ ដឹកទំនិញជាច្រើនគ្រឿងទៀត បើកឆ្លងកាត់ផងដែរ ។ ប៉ុន្តែដោយខ្សែកាប និងខ្សែភ្លើងមិនបានជាប់ទាក់នឹងរថយន្តបង្ក ទើបជាឱកាសល្អសម្រាប់រថយន្តបង្កបានបើករត់គេចទៅបាត់ដោយសុវត្តិភាពមិនមានសមត្ថកិច្ចណាឃាត់បានឡើយ ។

ក្រោយកើតហេតុ ពលរដ្ឋនាំគ្នានិយាយថា សំណាងណាស់បង្គោលភ្លើងទាំង៣ដើមនោះរលំមកមិនធ្វើឲ្យមានអ្នកណារងរបួសឬខូចខាតដ៏ទ្រព្យសម្បត្តិពលរដ្ឋនោះទេ គ្រាន់តែខូចខាតបង្គោលភ្លើងថ្ម អត់សរសៃលួសចំនួន២ដើម បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បានបាក់រលំរាបដល់ដី កាត់ទទឹងផ្លូវ ធ្វើឲ្យខ្សែភ្លើងធ្លាក់រាយប៉ាយ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ។

គួរបញ្ជាក់ថាកន្លងមកមន្រ្តីសាលារាជធានីភ្នំពេញ បម្រាមមិនឲ្យរថយន្តធំចូលក្រុង ក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីរថយន្តដឹកទំនិញធុនធ្ងន់កន្លងមក៖ «រាជធានីភ្នំពេញ ហ្នឹង គឺជារាជធានីមួយមានការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ។ ដល់មានកំណើនសេដ្ឋកិច្ចទៅ កំណើនយានយន្ត ឬកំណើនប្រជាពលរដ្ឋវាបានធ្វើឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ ។ លើសពីការកកស្ទះចរាចរណ៍ ដោយសារតែរថយន្តដឹកទំនិញទាំងអស់មិនបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសមួយចំនួនផង វាបានធ្វើឲ្យមានការកកស្ទះ និងពេលខ្លះបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។ វាបង្កើនកង្វល់ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែរ អំពីករណីហ្នឹង ។ វាអាចធ្វើឲ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋផង» ។

ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងក្រុងឲ្យបានប្រសើរ សាលារាជធានីភ្នំពេញ បានត្រៀមកែលំអ និងពង្រឹងឡើងវិញនូវចំណតរថយន្តដែលមានស្រាប់នៅគ្រប់ផ្លូវជាតិ ដែលជាច្រកចេញចូលសម្រាប់ឲ្យរថយន្តដឹកជញ្ជូនចូលចតបណ្ដោះអាសន្ននៅជាយក្រុង ៕ស តារា


ចែករំលែក៖