ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបន្លំលួចម៉ូទ័រកន្លែងលក់សម្ភារគ្រឿងសំណង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ បានបន្លំលួចយកម៉ូទ័រ (ស្វាន) ត្រូវម្ចាស់ឃើញទាន់ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ កាលពីវេលាម៉ោង៣ និង០៥នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣៧១ កែងផ្លូវ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុខ ប៊ុនខឿន អាយុ៣៧ ឆ្នាំមុខរបរ អ្នករត់តុការ ស្នាក់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ មាង បញ្ញា អាយុ ២៨ ឆ្នាំមុខរបរ លក់សម្ភារគ្រឿងសំណង់ ស្នាក់នៅភូមិឫស្សី២ សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ ។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូម៉ាក ហុងដាឌ្រីម មកដល់តូបលក់របស់ខ្លួនហើយចតម៉ូតូនៅមុខតូប រួចដើរទៅសួរកន្លែងចម្លងសោរ តែជនរងគ្រោះបានប្រាប់ជនសង្ស័យថា អ្នកធ្វើសោរមិននៅទេ បន្ទាប់មកជនសង្ស័យបានដើរទៅរកម៉ូតូវិញ ក៏បន្លំលួចយកម៉ូទ័រដាក់លើម៉ូតូហើយបម្រុងជិះគេចខ្លួន ប៉ុន្ដែជនរងគ្រោះឃើញទាន់ក៏ស្ទុះទៅឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចសួរនាំតែម្ដង ។

ជនសង្ស័យបានឆ្លើយប្រាប់ទៅសមត្ថកិច្ចបានឲ្យដឹងថា ខ្លួនមិនបានលួចម៉ូទ័រទេ ហើយខ្លួនបានស្រែកប្រាប់ម្ចាស់អ្នកលក់ថា ខ្ចីម៉ូទ័រទៅសាកនៅផ្ទះសិនចាំទិញ ប៉ុន្ដែជនរងគ្រោះបានឆ្លើយថា ខ្លួនមិនបានស្គាល់គ្នា ជាមួយជនសង្ស័យទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ទើបដឹងថា ជាករណីយល់ច្រឡំទេ សមត្ថកិច្ចក៏ឲ្យជនសង្ស័យ និង ជនរងគ្រោះ សម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖