ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបញ្ជូនមីស៊ីលការពារដ៏ទំនើបទៅឲ្យតួកគី ពេលនេះរុស្ស៊ីបន្តបញ្ជូនទៅឲ្យចិន

ចែករំលែក៖

មីស៊ីលការពារដែនអាកាសដ៏ទំនើបរបស់រុស្ស៊ី​ S-400 គឺជាសុបិនអាក្រក់របស់អាមេរិក និងសម្ពន្ធមិត្ត ​ដោយមីស៊ីលនោះអាចកម្ទេចរាល់គោលដៅហោះហើរនៅលើអាកាស ក្នុងនោះមានមីស៊ីលរបស់សត្រូវ ។ ចំណុចទាំងនោះហើយបានជា អាមេរិក មិនចង់ឲ្យមីស៊ីលទាំងនោះរីកសាយភាយ​នៅលើពិភពលោកនោះឡើយ ដោយប្រទេសណាទិញមីស៊ីលនោះ អាមេរិកនឹងដាក់ទណ្ឌកម្ម​ ។

ប៉ុន្តែមកទល់ពេលនេះ មីស៊ីល​ S-400 ដាក់នៅលើទឹកដី​៣ប្រទេសផ្សេងទៀតក្រៅពីរុស្ស៊ី គឺតួកគី​ ឥណ្ឌា និងចិន ហើយរាល់ការទិញមីស៊ីលទាំងនោះ​ គឺប្រើប្រាស់រូបិយវត្ថុក្នុងស្រុក មិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនោះឡើយ ធ្វើឲ្យអាមេរិកមិនអាច ដាក់ទណ្ឌកម្មបាន ។

នៅពេលនេះ រុស្ស៊ីបានចាប់ផ្តើម​ដឹកជញ្ជូនប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​ S-400 ប្រព័ន្ធមីស៊ីលទី ពីរ តាមផ្លូវទឹក​ឲ្យដល់ប្រទេសចិន ។ ប្រព័ន្ធ​ខែល​មីស៊ីល S-400 ទី២ របស់​រុស្ស៊ីនេះ ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​តាម​ផ្លូវ​សមុទ្រ ដោយនាវា​ប្រហែល​៣គ្រឿង និងប្រើពេលរាប់ខែ ។

សារព័ត៌មាន Tass កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានដកស្រង់ប្រភពយោធារុស្ស៊ី និងអ្នកការទូត​បញ្ជាក់ថា រុស្ស៊ីចាប់ផ្តើម​ប្រតិបត្តិការ​ដឹកជញ្ជូន​លើកទីពីរ ប្រព័ន្ធខែលមីស៊ីល ​S-400 ដែលជាមីស៊ីល​បាញ់ពីដីទៅដែនអាកាស​​​ទៅឲ្យប្រទេសចិន ។

ប្រភពបញ្ជាក់ថា ការដឹកជញ្ជូន​មួយធ្វើឡើងតាមនាវា​ជាមួយបណ្តុំវត្ថុរឹង​​របស់ប្រព័ន្ធខែលមីស៊ីល ​S-400 គ្រាប់ទីពីរ​ទៅឲ្យប្រទេសចិន ​គឺធ្វើឡើង​តាមផ្លូវសមុទ្រ​ពីកំពង់ផែ Ust-Luga ឈូងសមុទ្រ បាល់ទិក ។ ទោះបីយ៉ាងណាក៏ដោយ ដូចទៅនឹងករណី​ដឹកជញ្ជូន​ឲ្យប្រទេសតួកគីអីចឹងដែរ ការដឹកជញ្ជូន​ប្រព័ន្ធខែល​មីស៊ីល​នេះ ធ្វើឡើងក្នុងរយៈពេលច្រើនខែ ​ទម្រាំទៅដល់ ។ ការដឹកជញ្ជូន​ខែលមីស៊ីលនេះ ​S-400 ទៅឲ្យប្រទេសចិន​ ប្រហែលនាវា​មិនតិចជាង៣គ្រឿងនោះឡើយ ។ រុស្ស៊ីបានចុះកិច្ចព្រមព្រៀង​​​ដឹកជញ្ជូន​មីស៊ីល​​ទី២​នេះទៅឲ្យប្រទេសចិន​ក្នុងឆ្នាំ២០១៤ ។

ទីក្រុង​មូ​ស្គូ​ធ្លាប់បាន​អះអាងថា ប្រព័ន្ធខែលមីស៊ីល S-400 ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​បំផុត ដែលមាន​សមត្ថភាព​តាម​ចាប់ និង​បាញ់​ទម្លាក់​គោលដៅ រួមមាន មី​ស៊ី​ល​បាលី​ស្ទិ​ក​, យន្តហោះ​ចម្បាំង និង​ដ្រូ​ន ក្នុង​រយៈ​ចម្ងាយ ៦០០​គីឡូម៉ែត្រ និង​រយៈពេល​កម្ពស់​ច​ន្លោះ​ពី ១០​គីឡូម៉ែត្រ ទៅ​២៧​គីឡូម៉ែត្រ​ ។

សូម​រំលឹក​ថា ចិន​បាន​ទទួល​ប្រព័ន្ធ​មីស៊ីល S-400 ទី១ ក្នុង​ចំណោម​៦គ្រឿង កាលពីឆ្នាំ​២០១៨ ខណៈ​សល់​៤គ្រឿងទៀត ត្រូវបាន​គេ​រំពឹង​ថា នឹង​បញ្ជូនឱ្យអស់​នៅឆ្នាំ​២០២០ ។ ចិន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ខែល​មីស៊ីល S-400 ​ពីរុស្ស៊ី កាលពី​ឆ្នាំ២០១៤ ក្នុង​តម្លៃ​សរុប ៣ពាន់​លាន​ដុល្លារ បាន​ក្លាយ​ជា​បរទេស​ដំបូង​គេ ដែល​បាន​​ទិញ​ខែល​មីស៊ីល​នេះ ។

បើ​ប្រៀបធៀប​នឹង​ខែល​មីសីល​អាមេរិក ដូចជា MIM-104 Patroit គឺខែល​មីស៊ីល S-400 របស់​រុស្ស៊ី មានតម្លៃ​ថោកជាង ។ S-400 អាច​បាញ់​បាន​ចម្ងាយដល់ ៦០០គីឡូម៉ែត្រ និង​អាច​បាញ់​ទម្លាក់​យន្តហោះ​សត្រូវ ក្នុង​រយៈ​កម្ពស់ ២៧​គីឡូម៉ែត្រ ។ ក្នុង១​ប្រព័ន្ធ​ខែល​មីស៊ីល​នេះ គឺ​បំពាក់​មីស៊ីល​បានដល់​ទៅ ៧២គ្រាប់​ក្នុង​ពេល​តែមួយ ហើយ​អាច​បាញ់សំដៅ​ទៅ​គោលដៅ​ផ្សេងៗ​គ្នា​លើ​អាកាស​ចំនួន ៣៦​គោលដៅ៕


ចែករំលែក៖