ខេត្តត្បូងឃ្មុំ ៖ ការធ្វេសប្រហែសបានត្រឹមបន្សល់ទុកវិប្បដិសារីសម្រាប់ក្រុមគ្រួសារតែប៉ុណ្ណោះ សូមឪពុកម្តាយគ្រប់រូបយកចិត្តទុកដាក់ជាប្រចាំ ។ មើលចុះ គួរឲ្យអាណោចអាធ័មណាស់ កូនក្មេងអាយុត្រឹមមួយឆ្នាំៗ កន្លះបានដាំក្បាលចូលធុងទឹកជ័របណ្តាលឲ្យឈ្លក់ទឹករហូតដាច់ខ្យល់ស្លាប់ ដោយគ្មាននរណាដឹង ។
ព័ត៌មានបានបញ្ជាក់ថា ឪពុកម្ដាយបានស្រែកឆោឡោផ្អើលអស់អ្នកជិតខាងនៅពេលឃើញកូនដាំក្បាលចូលធុងទឹកលង់ស្លាប់កាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិទ្រាទី២ ឃុំ ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
សពក្មេងប្រុសឈ្មោះ តូ ស៊ីណាយូណា អាយុ១ឆ្នាំកន្លះ រស់ក្នុងបន្ទុកឪពុកម្ដាយឈ្មោះហារូន តុរស៊ីណា អាយុ ២៨ឆ្នាំជាតិខ្មែរឥស្លាម ម្ដាយឈ្មោះ គ្រីម រ៉ហ៊ីម៉ះ អាយុ ២៧ឆ្នាំ ជាតិខ្មែរឥស្លាមនៅភូមិឃុំ ខាងលើ ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានលេងនៅក្នុងផ្ទះតែ មិនដឹងយ៉ាងម៉េចក៏ស្រាប់តែឃើញកូន បានលង់ទឹកក្នុងធុងជ័រដាក់ទឹក នៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យស្លាប់ ។
ឪពុកម្ដាយបានរៀបរាប់ទាំងទឹកភ្នែកហើយ បានពោលថា គាត់មិនស្មានដល់រឿងនេះ ទាល់តែសោះ ធុងដាក់ទឹកតូចល្មមអាចសម្លាប់កូនគាត់ តែនេះជាការធ្វេសប្រហែសរបស់ ពួកគាត់ ខណៈ ដែលគាត់កំពុងលក់ដូរ និងម្ដាយក្មេងរងគ្រោះ កំពុងដេកលើផ្ទះ ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុនេះភ្លាម ម្ដាយឪពុកបាននាំកូនក្មេងរងគ្រោះ យកទៅមន្ទីរពេទ្យបង្អែក ស្រុក តែក្មេងរងគ្រោះត្រូវស្លាប់ផុតដង្ហើមទៅហើយ ៕ វណ្ណៈ