ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសតូចៗ៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវសាច់ញាតិរកឃើញកប់ក្នុងល្បាប់ភក់នៅរណ្តៅដីមួយកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា ក្មេងប្រុសតូចៗ៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីម៉ោង៥កន្លះល្ងាច ថ្ងៃ២៧ កក្កដា ២០១៩ ក្នុងនោះខាងសាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃ២៨ កក្កដា ២០១៩ ទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ក្នុងល្បាប់ភក់នៅរណ្តៅដីមួយកន្លែងជិតវត្តពោធិមានជយ័ ក្នុងឃុំកំពេញស្រុកស្ទឹងហាវ និងថា ជាសំណាងបំផុតដែលក្មេងទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែអាការៈក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នតាមសាច់ញាតិថាក្មេងៗទាំង៣ រួចផុតពីសេចក្តីស្លាប់ហើយ។
ករណីក្មេងតូចៗ ដែលបាត់ខ្លួនពីផ្ទះ និងរកឃើញក្មេងកប់ក្នុងភក់បែបនេះ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានប្រាប់អោយដឹងតាមទូរសព្ទ័ថា ដំបូងក្មេងៗទាំង៣នាក់នេះ រត់តាមឡានដង្ហែសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡានដង្ហែសព និងថា ក្រោយមកក្មេងៗទាំង៣នាក់បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ និងថា ដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិត ឬក៏ឃើញ ទើបធ្វើអោយក្មេងៗ ទាំង៣នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្រាំដល់សាច់ញាតិរកឃើញ ៕ ឆ្លាម សមុទ្រ

ចែករំលែក៖