ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងស្តុកសម្ភារកណ្ដាលក្រុងសៀមរាប គិតជាប្រាក់ជិត៥ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ ឃ្លាំងស្តុកសម្ភារមួយកន្លែង នៅកណ្ដាលក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារ គិតជាប្រាក់ជិត៥ម៉ឺនដុល្លារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២៦នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ លឹម ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ខូចខាត ឃ្លាំងដាក់សម្ភារ ធ្វើអំពីដែក ជញ្ជាំងស័ង្កសី ប្រវែង ៧x៨ ម៉ែត្រ (ខូចខាតទាំងស្រុង) និងសម្ភារប្រើប្រាស់រួមមាន ឡាបូលាងដៃ២៦គ្រឿង ចានបង្គន់២៦គ្រឿង កំរាលព្រហ្មចំនួន២៥ដុំ ផ្កាជ័រតម្លៃប្រហែល៧០០០ដុល្លារសរុបជាទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លារអាមេរិក ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបន្តថាបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ជារថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នង ខេត្តសៀមរាប០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន រន្លត់ជាស្ថាបពរនៅវេលាម៉ោង១៣ និង២០នាទីថ្ងៃដដែល ។ មូលហេតុ បុគ្គលិកបោះកន្ទុយបារីបណ្តាលឲ្យឆាបឆេះតែម្ដង ៕ ប៊ុនរិទ្ធី

ចែករំលែក៖