ខេត្តព្រះសីហនុ៖ ភ្លៀងមួយមេធំបានបង្អុរយ៉ាងគំហុករយៈពេលជាងពីរម៉ោងចាប់ពីម៉ោង ១១ និង៣០នាទីព្រឹកដល់ម៉ោង២រសៀល ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ខែសីហា ឆ្នាំ២០១៩ នៅកណ្តាលទីក្រុងទេសចរណ៍ (ក្រុងព្រះសីហនុ) ធ្វើឲ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុមានទឹកជន់លិច ពិសេសតំបន់ទំនាបក្នុងសង្កាត់លេខ៣ និងលេ៤ ទឹកលិចត្រឹមលើក្បាលជង្គង់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋខ្លះលិចលង់ទ្រព្យសម្បត្តិ និងសម្ភារ ។
ប្រភពពីមន្រ្តីសាលាក្រុងព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីមានជំនន់ទឹកភ្លៀងនេះអាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំ និងបញ្ជាពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជុះធ្វើការដោះស្រាយជាបណ្តើរៗដូចជា ឲ្យគ្រឿងចក្រកាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរប្រឡាយជាដើម ។ ទឹកបានស្រក នៅល្ងាចថ្ងៃនោះបន្ទាប់ពីមន្រី្តជំនាញ បើកផ្លូវទឹកឲ្យហូរតាមប្រឡាយ និងលូ ។
ជាមួយគ្នានេះដែរវេលាម៉ោង ១២ និង៤៥នាទីថ្ងៃដដែល អគ្គិសនីខេត្តព្រះសីហនុ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងS17ផងដែរដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនី ដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០១ ភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រុមការងារបច្ចេកទេស និងធើ្វការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ ។
មន្រ្តីសាលាក្រុងព្រះសីហនុបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះមិនបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះធ្លាក់លូ ឬចរន្តអគ្គិសនីឆក់នោះទេ ហើយប្រជាពលរដ្ឋមានចរន្តប្រើប្រាស់អគ្គិសនីឡើងវិញនៅល្ងាចថ្ងៃនោះដែរ៕ ឆ្លាមសមុទ្រ