ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ញៀនថ្នាំដុតផ្ទះម្ដាយខ្លួនឯង ផ្អើលអ្នករស់នៅក្បែរខាង នាំគ្នាយកទឹកមកជួយបាញ់ពន្លត់ភ្លើង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ញៀនថ្នាំ រហូតហ៊ានដុតផ្ទះម្ដាយខ្លួនឯង ផ្អើលអ្នករស់នៅក្បែរខាង នាំគ្នាយកទឹកមកជួយបាញ់ពន្លត់ភ្លើង និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង១០ និង៥នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សម្បត្តិ អាយុ២៨ឆ្នាំ ជាមនុស្សញៀនថ្នាំ និងមានសតិមិនល្អ រកដុតផ្ទះខ្លួនឯងជាច្រើនលើកច្រើនសាររួចមកហើយ និងបានបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងធ្លាប់បានត្រូវក្រុមគ្រួសារ យកទៅដាក់មណ្ឌលអប់រំកែប្រែជាច្រើនលើក ផងដែរ ។ លើកនេះគេបានដុតសម្ភារក្នុងផ្ទះ តែត្រូវម្ដាយ និងពលរដ្ឋជួយពន្លត់ទាន់ ។

ប្រភពបន្តថា ដោយសារជនសង្ស័យមានសតិមិនសូវគ្រប់ផងនោះ ក៏បានអុកឡុកនៅក្នុងមណ្ឌលកែប្រែ រួមទាំងក្រុមគ្រួសារ មិនមានលទ្ធភាពដើម្បីផ្គត់ផ្គង់ ក៏សម្រេចចិត្តយកជនសង្ស័យមកស្នាក់នៅផ្ទះវិញ ដោយដាក់ក្នុងទ្រុងដែក និងចាក់សោផងដែរ ។ ពេលខ្លះនិយាយដឹងខុសដឹងត្រូវ ទើបម្ដាយអនុញ្ញាតឲ្យដើរហើរឡើងវិញ តែមិននឹកស្មានកាន់តែធ្ងន់ធ្ងរជាងមុន ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ក៏បាននាំខ្លួនជនសង្ស័យរូបនេះ ទៅដាក់មណ្ឌលកែប្រែម្ដងទៀត ៕ ជ្រោយពេជ្រ


ចែករំលែក៖