ខេត្តព្រះសីហនុ ៖ គិតចាប់ពីថ្ងៃទី០២ រហូតមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុនៅតែបន្តជន់លិចដោយជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យផ្លូវមួយចំនួនមិនអាចធ្វើចរាចរណ៍ទៅមកបាន ចំណែកឯលំនៅឋានប្រជាពលរដ្ឋជាច្រើន ត្រូវទឹកជន់លិចជាប្រចាំ នេះជាស្ថានភាពដ៏លំបាកមួយសម្រាប់ប្រជាពលរដ្ឋក្រុងព្រះសីហនុ។
ជាមួយនឹងបញ្ហាទឹកភ្លៀងជនលិចបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងថា ស្ថានភាពអាក្រក់បែបនេះ ដោយសារតែខេត្តព្រះសីហនុ ទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ដោយសារឥទ្ធិពល នៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ដែលជាហេតុអាចបណ្តាលឲ្យមានការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤។ ឥទ្ធិពលខ្យល់មូសុងនិរតី មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រ ក្នុងមួយវិនាទី និង រលកសុទ្រមានកម្ពស់ពី ១-២ ម៉ែត្រ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីត្រៀមលក្ខណៈទុកជាមុន ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនត្រូវចុះលេងទឹកសមុទ្រដែលកំពុងមានរលកធំៗនោះឡើយ ចំណែកបងប្អូនប្រជានេសាទ ក៏មិនត្រូវចេញទៅនេសាទលើផ្ទៃសមុទ្រនោះដែរ ជៀសវាងមានគ្រោះ ត្រូវ រលក បោកបក់ ជាយថាហេតុ។ ដោយឡែកសម្រាប់ កំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចំណុចតំបន់ស្ពានស្ទឹងឆាយ និង ស្ពានស្ទឹង សំរោងគិត មកដល់រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នេះ ថ្វីត្បិតតែស្ថានភាពជំនន់ទឹកនៅតំបន់នោះ មានសភាពឡើងខ្ពស់ ប៉ុន្តែមិនទាន់មានបញ្ហាអ្វីទេ គឺអាចធ្វើចរាចរណ៍ទៅមកបានជាធម្មតា ។
ស្ថានភាពបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្រុងព្រះសីហនុកាន់តែប្រឈមនឹងការលំបាកខ្លាំងឡើង ។ ក្រៅតែពីការមិនហ៊ានធ្វើដំណើរចេញពីក្នុងផ្ទះ ព្រោះខ្លាចធ្លាក់លូស្លាប់ចោលកូនចៅ ក៏នៅមានបញ្ហាដែលក្នុងផ្ទះត្រូវទឹកជន់លិចកើនឡើងជាបន្តបន្ទាប់រកកន្លែងដេកពួនមិនបាន ។ វេទនាហៅសែនមហាវេទនា ក្នុងគ្រាដែលភ្លៀងនៅតែបន្តធ្លាក់ទាំងព្រឹកនៅតាមតំបន់មាត់សមុទ្រ ជាពិសេសក្នុងខេត្តព្រះសីហនុនេះ ។
ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរក្រុង-ខេត្ត ហាក់ដូចជាអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហានេះទៅហើយ ។ គ្មានដំណោះស្រាយអ្វីនោះទេ ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងការលិចលង់លំនៅឋាន ព្រោះតែជំនន់ទឹកភ្លៀងនេះ ។ មុនដំបូងគេឃើញអាជ្ញាធរក្រុង-ខេត្ត ចុះកាយលូបង្ហូរទឹកដើម្បីឲ្យទឹកហូរចេញពីទីក្រុង ។ ប៉ុន្តែពេលនេះ មន្ត្រីអាជ្ញាធរបានត្រឹមនាំគ្នាអើតមើលមេឃទាំងទុក្ខកង្វល់តែប៉ុណ្ណោះ ។ គឺជាទុក្ខកង្វល់ដែលរួមចំណែកចែករំលែកភាពហ្មងសៅរបស់ប្រជាពលរដ្ឋ ។ គ្មានទេដំណោះស្រាយដែលត្រូវកាយប្រឡាយនៅត្រង់ចំណុចណាដែលរាំងស្ទះនោះ ។ មានតែការអង្វរករប្រជាពលរដ្ឋឲ្យយោគយល់ និងដេកនៅលើទឹកសំអុយនោះមួយរយៈពេលសិនទៅ ទម្រាំមេឃលែងភ្លៀង ។
នេះជាសមត្ថភាពនៃការដឹកនាំរបស់អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ។ មិនមែនអាជ្ញាធរដេកលក់នោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងមិនគ្រប់គ្រាន់ ឬមិនឆ្លើយតបទៅនឹងអ្វីដែលអ្នកមានលុយ ឬមានអំណាចបានបិទប្រឡាយបង្ហូរទឹកសំអុយ នៅគ្រាដែលអាជ្ញាធរមិនហ៊ានក្អកជាមួយពួកអ្នកមានលុយ និងមានអំណាចទាំងនោះ ។ ទីបំផុតទៅ មានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលជាអ្នករងគ្រោះដូចរូបភាព ដែលបានបង្ហាញជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក ។
បើទោះបីជាភ្លៀងលិចស្ទើរដល់ពូក ឬត្រូវបានកល់ពូកឲ្យផុតពីទឹកដើម្បីបានដេកពូនក៏ដោយ ក៏មិនបានស្ងប់អារម្មណ៍ព្រោះតែគិតថា តិចលោកំពុងដេកស្រាប់តែមានសត្វពស់ឡើងមកលើពូក តើវាយ៉ាងណាទៅ? អាជ្ញាធរក្រុង-ខេត្ត ដែលជាអ្នកដឹកនាំមានយល់ពីអារម្មណ៍មួយនេះទេ? នៅពេលដែលទឹកភ្លៀងជន់លិច គឺលាយឡំដោយទឹកដែលចេញពីលូបង្ហូរទឹកសំអុយ ដែលនៅក្នុងនោះ ក្រៅពីសំណល់ផ្ទះបាយ ក៏មានលាមក សត្វ មនុស្ស… ថង់ប្ល៉ាស្ទិក អណ្តែតហែហមរសាត់ចូលក្នុងផ្ទះ…ទៀតផង ។ អាជ្ញាធរអាចស្តីបន្ទោសប្រជាពលរដ្ឋថា ម៉េចមិនធ្វើផ្ទះឲ្យខ្ពស់ដើម្បីកុំឲ្យលិចទឹក (Sic) ។
អាជ្ញាធរក្រុង-ខេត្តគួរចាត់វិធានការបន្ទាន់ណាមួយក្នុងការទម្លាយច្រកចេញអំពីបញ្ហាទឹកដែលគាំងស្តូកនេះ ។ ពេលនេះគេអាចរកចំណុច ដែលទឹកមិនអាចហូរចេញពីទីក្រុងបានហើយថា តើវាគាំងនៅចំណុចណា? ឬកន្លែងគាំងនោះ ឬនិយាយឲ្យខ្លី កន្លែងដែលគេបិទច្រកទឹកហូរចេញនោះ អាជ្ញាធរមិនអាចប៉ះពាល់បានទេ? បើយ៉ាងដូច្នេះ អាជ្ញាធរគួរធ្វើសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំក្រោយៗ ដែលទីក្រុងទាំងមូលត្រូវប្រឈមនឹងការលិចលង់ពេលមានភ្លៀង ៕ ហេង សូរិយា