ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់អំពីឥទ្ធិពលព្យុះចំនួន៣ ដែលស្ថិតក្នុងកន្សោមនៃប្រព័ន្ឋតែមួយរួមមាន ៖ ព្យុះទី៨ ឈ្មោះ ហ្វ្រង់ស៊ីសភូ (Francisco) ដែលមានទិសដៅឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ,ព្យុះទី៩ ឈ្មោះ ឡេឌីម៉ា (Lekima) ដែលមានទិសដៅឆ្ពោះទៅកាន់គេវ៉ាន់ និង ព្យុះទី១០ ឈ្មោះ ក្រសារ (Krosa) ដែលជាឈ្មោះកម្ពុជាយើងបានដាក់ ដែលមានទិសដៅឡើងទៅលើភាគខាងជើង ដោយអះអាងថា ព្យុះទាំង៣នេះ មិនបោកបក់ចូលក្នុងកម្ពុជាយើង ។ បើទោះជាស្ថានភាពអាកាសធាតុចាប់តាំងពីថ្ងៃទី៧-១០ ខែសីហានេះទៅ ក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងលឿន ស្ទើរតែអាចនិយាយបានថាមិនដែលធ្លាប់ជួបប្រទះក្នុងរយៈពេលកន្លងមកក៏ដោយ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ឲ្យដឹងថា ប្រពន្ធ័សម្ពាធទាប (ITCZ) ដែលលាតសន្ធឹងលើប្រទេសថៃ ឡាវ និង វៀតណាម ដែលនៅខាងចុងកន្លងមកភ្ជាប់នឹងសម្ពាធទាប (Low) ។ បច្ចុប្បន្នសម្ពាធទាបបានបំប្លែងខ្លួនទៅជាវិសម្ពាធសកម្ម (Active Low) ហើយក៏ត្រូវបានអូសទាញដោយប្រព័ន្ធព្យុះទាំង៣ ដូចបានជម្រាបជូនខាងលើ ។
សេចក្តីជូនដំណឹងបន្តថា ប្រព័ន្ធសម្ពាធទាប និងមានការប្រែប្រួលខុសបន្តិចពីការជូនដំណឹងប្រចាំសប្តាហ៍កន្លងមក ។ ដូចនេះ សម្រាប់កម្ពុជាយើង ភ្លៀងនៅតែបន្តធ្លាក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ។ បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀងនឹងកើនឡើង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង ។ កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។
ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ៕