ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានទឹកមាត់ខ្យងថ្លៃជាងមាស អាចជាចេតនាបំផ្លាញសេដ្ឋកិច្ចកម្ពុជា 

ចែករំលែក៖

ភ្នំពេញ៖ប៉ុន្មាន​ថ្ងៃមក​នេះ គេឃើញ​មាន​ការ​ផ្សព្វផ្សាយ​ និង​​ចែក​រំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នូវ​ព័ត៌មានមួយ​អំពី​តម្លៃ​​ទឹក​មាត់​ខ្យង​សោក(ខ្យងមាស)​ដែល​ប្រភព​ទាំង​នោះ​អះអាង​ថា ​មាន​តម្លៃ​​ថ្លៃ​ជាង​មាស​ក្នុង​មួយ​គីឡូ​ក្រាមទៅទៀត​។

ព័ត៌មានដែលចាត់ទុកជាការបំផ្លើសនេះត្រូវបាន​​លោក ហ៊ាន​ វណ្ណហន បាន​​ចាត់​ទុក​​ថា​ព័ត៌មាន​នេះ​អាច​ជា​ចេតនា និង​សក្ដានុពល​បង្ក​ហានិភ័យ​ដ៏​ខ្ពស់​ក្នុង​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង ដែល​កំពុង​មាន​កំណើន​គួរ​ជាទីមោទនៈ។ នេះ​បើ​យោង​តាម​គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​​បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ។

លោក​បន្ថែម​ថា ​តាម​ពិត​រឿង​នេះ​ដូច​គ្នា​ទៅ​នឹង​រឿង​នៃ​ការ​បំផុសឲ្យប្រជាពលរដ្ឋនាំគ្នា​ចិញ្ចឹម​ខ្យង​មាស ឬ​ខ្យង​ស៊ី​ស្រូវ (Golden Apple Snail) នៅ​កម្ពុជា​កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​៩០ ដែល​ជា​លទ្ធផល​មក​ដល់​ថ្ងៃ​នេះ។ ខ្យង​មាស​ដែល​មិន​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សោះ បែរ​ជា​មាន​វត្ត​មាន​ពេញ​ប្រទេស និង​បំផ្លាញ​ដំណាំ​ស្រូវ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​បាន​រម្លឹក​ថា ខ្យង​សោក (Giant African Snail) មាន​នៅ​កម្ពុជា​ស្រាប់​រួច​ហើយ​នា​ពេល​នេះ ដែល​កាល​ពី​ជាង​១០​ឆ្នាំ​មុន រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​បាន​ព្រមាន​យើង បន្ទាប់​ពី​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​អូស្ត្រាលី ត្រូវ​បាន​ត្រួត​ពិនិត្យ​ឃើញ​មាន​ខ្យង​សោក​១​ក្បាល ជាប់​ពួន​នៅ​បាត​កុងតឺន័រ​ទំនិញ។ ហេតុ​នេះ​សូម​ជួយ​ស៊ែរ​បន្ត និង​ចូល​រួម​ទប់​ស្កាត់​ការ​ចិញ្ចឹម​ខ្យង​សោក ដើម្បី​យក​ទឹក​មាត់ ដែល​ជា​សកម្មភាព​ដ៏​មាន​ហានិភ័យ​ជំរុញ​ដល់​ការ​ខូច​ខាត​ផលិត​កម្មក​សិកម្ម និង​ដល់​វិស័យ​នាំ​ចេញ​របស់​កម្ពុជា។

​គួរ​បញ្ជាក់​ថា ​ប្រភព​ព័ត៌មាន​ថា​​ទឹក​មាត់​ខ្យង​សោក​មាន​តម្លៃ​ថ្លៃ​ជាង​មាស​មួយ​គីឡូក្រាម គឺ​ចេញ​ពី​ប្រទេស​​ថៃ​ ​ដែល​សារ​ព័ត៌មាន​​ក្នុង​ស្រុក​ថៃ​​ផ្សាយ​ថា ​មាន​កសិករ​​ចិញ្ចឹម​ខ្យង​នេះ​ជា​ច្រើន​​​សម្រាប់​នាំ​ចេញ​ទៅលក់​នៅ​​​សហរដ្ឋ​អាមេរិក ​និង​កូ​រ៉េ​ជា​ដើម​​សម្រាប់​បម្រើ​ឲ្យ​​ផ្នែក​​ថែរក្សា​សម្រស់។ តាមព័ត៌មានដដែល​អះអាង​ថា មាន​កសិដ្ឋាន​ចិញ្ចឹម​ខ្យងសោក​ប្រមាណ ៨៥កន្លែង​ នៅ​ខេត្ត​ណាក់ខន ណាយុគ។ ឯតម្លៃ​ទឹក​មាត់​ខ្យងដែល​គេ​ចម្រាញ់​ជា​ផ្សៅស្ងួត​ដើម្បី​លក់​ឲ្យ​ទៅ​ក្រុម​ហ៊ុន​គ្រឿងសម្អាង​កូរ៉េ និង​អាមេរិកក្នុង១គីឡូក្រាមតម្លៃដល់ទៅ ៥៨ ២០០ដុល្លារ ខណៈ​មាស​នៅ​ក្នុងទីផ្សារ​ប្រទេស​ថៃ​មាន​តម្លៃតែ ៤៦ ៣០០ដុល្លារ ក្នុង​១គីឡូប៉ុណ្ណោះ ។ យ៉ាងណាព័ត៌មាននេះគេនៅមិនទាន់ឃើញក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា ប្រកាសជូនដំណឹង ឬច្រានចោលព័ត៌មាននេះថាពិតឬមិនពិតនៅឡើយទេ ក្រៅពីនាំគ្នានិយាយថា ជាព័ត៌មាន ​បង្ក​ហានិភ័យ​ដ៏​ខ្ពស់​ក្នុង​ការ​បំផ្លាញ​សេដ្ឋកិច្ចកម្ពុជានោះ ៕ ប្រាថ្នា


ចែករំលែក៖