ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការពារព្រំដែន និងមន្រ្តីជំនាញពិនិត្យរកឃើញមានតខ្សែកាបបណ្តាញអុបទិចឆ្លងកាត់អូរព្រំដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា នៅក្នុងក្រុងប៉ោយប៉ែត សង្ស័យលួចតចូលមកខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោកអង្គភាពវរសេនាតូច៩១១ឈរជើងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតសហការជាមួយ និងមន្រ្តីជំនាញនៃការិយាល័យប្រៃសណីយ៍ ក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវពិនិត្យរកឃើញមានការតបណ្តាញខ្សែកាបអុបទិចពីប្រទេស ឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃចូលក្នុងក្រុមហ៊ុនកាស៊ីណូមួយមានឈ្មោះ PARAMAX ស្ថិតនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការសង្ស័យការតបណ្តាញខ្សែកាបអុបទិចនោះសម្រាប់ប្រើប្រាស់internet ធ្វើដោយខុសច្បាប់ ។

បើយោងតាមរបាយការណ៍របស់អង្គភាពវរនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ឲ្យដឹងថាការចុះត្រួតពិនិត្យស្រាវជ្រាវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំកម្លាំងដោយមេបញ្ជាការវរនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១លោកវរសេនីយ៍ឯក សូរ ចាន់ណារី និងមានការចូលរួមពីប្រធានការិយាល័យប្រៃសេនីយ៍ក្រុងប៉ោយប៉ែត លោក ទិត សំផន ។ អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ឲ្យមានការស្រាវជ្រាវនៃការតខ្សែកាបអុបទិចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ។ ការចុះត្រួតពិនិត្យនោះផងដែរសមត្ថកិច្ច និងមន្រ្តីជំនាញរកឃើញមានការតភ្ជាប់ខ្សែភ្លើង និងខ្សែinternet ជាខ្សែកាបអុបទិច តដាក់ក្នុងទុយយោខ្មៅ ចំនួន២ដើមកប់ក្នុងដីពីទឹកដីថៃឆ្លងចូលមកទឹកដីកម្ពុជា ស្ថិតនៅចំណុចខាងលើ ។

ជុំវិញបញ្ហានេះបើតាមប្រធានមន្ទីរប្រៃសេនីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ លោក ចៅ វិត បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៨ ខែសីហា ឲ្យដឹងថា បញ្ហាតបណ្តាញខ្សែកាបអុបទិចពីទឹកដីចូលមកកម្ពុជា ឆ្លងកាត់អូរព្រំដែននោះ លោកបានធ្វើរបាយការណ៍ជូនដល់ក្រសួងនោះហើយដើម្បីចុះមកស្រាវជ្រាវតាមនីតិវិធីបន្តទៀត ។

លោកប្រាប់ទៀតថា បើតាមច្បាប់នៃការលួចតបណ្តាញខ្សែអុបទិចឆ្លងដែនខុសច្បាប់ និងមានទោសអាចរហូតដល់ជាប់ពន្ធនាគារ ។ លោកប្រធានមន្ទីរបញ្ជាក់ទៀតថា ករណីតបណ្តាញខ្សែអុបទិចឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ នៅចំណុចខាងលើមិនដឹងថាមានច្បាប់រឺអត់ច្បាប់នោះទេពីព្រោះកិច្ចការងារនេះវាហួសដែនសមត្ថកិច្ចរបស់ថ្នាក់មន្ទីរគឺថ្នាក់ក្រសួងទើបអាចមានសិទ្ធិសម្រេច ។ ប៉ុន្តែកន្លងមកលោកបានដឹងថាមានក្រុមហ៊ុនកាស៊ីណូមួយចំនួននៅក្រុងប៉ោយបែតបានសុំច្បាប់ពីក្រសួង និងមានការបង់ពន្ធត្រឹមត្រូវ នៃការតខ្សែកាបអុបតិចសម្រាប់ប្រើប្រាស់internet នៅក្នុងកាស៊ីណូ ។

សូមបញ្ជាក់ថានៅខេត្តបន្ទាយមានជ័យកាលពីប៉ុន្មានកន្លងទៅនេះធ្លាប់មានការចុះបង្រ្កាបលើករណីលួចលាក់ប្រើប្រាស់អង់តែនតបណ្តាញសេវាទូរស័ព្ទថៃដោយខុសច្បាប់ ។ ការលួចតបណ្តាញប្រើប្រាស់សេវាទូរស័ព្ទពីថៃរឺប្រើប្រាស់ខ្សែកាបអុបទិចខុសច្បាប់បានបង្កឲ្យប៉ះពាល់ចំណូលពន្ធរដ្ឋនោះផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖