ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានផ្អាករាល់ ជើងរថភ្លើងទៅកាន់ឥណ្ឌា និងហាមបញ្ចាំង ភាពយន្ត Bollywood

ចែករំលែក៖

ពេលថ្មីៗនេះ ប៉ាគីស្ថានបានផ្អាករាល់សកម្មភាពជាមួយឥណ្ឌា ក្នុងនោះមាន ទាំងសេវាកម្មដឹកជញ្ជូន ផ្លូវដែក ក៏ដូចជាហាមបញ្ចាំងភាពយន្ត របស់ឥណ្ឌា​ Bollywood ក្រោយពេលរដ្ឋាភិបាល ទីក្រុង ញ៉ូវដេលី​ ដកសិទ្ធិស្វ័យភាពនៅតំបន់កាស្មៀរ​ ។

ដើម្បីបង្កើនការគ្រប់គ្រងនៅតំបន់នេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ​Narendra modi ​បានប្រកាសបញ្ចប់សិទ្ធិស្វ័យភាព នៅក្នុងតំបន់នេះ ហើយ អនុញ្ញាតឲ្យមនុស្ស នៅរដ្ឋផ្សេងៗមកទិញដីនៅទីនោះបាន ។ ជាមួយគ្នានោះ រដ្ឋាភិបាល ក៏បានសម្រេច កាត់ខេត្តកាស្មៀរទៅជាខេត្តតូចៗចំនួន​២ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ។ ការគ្រប់គ្រងស្វយ័ត ទើបធ្វើឲ្យតំបន់នេះក្លាយជាទីតាំង របស់ក្រុមឧទ្ទាមដើម្បីវាយប្រហារឥណ្ឌា ។

នៅពេលនេះដែរ អ្នកនយោបាយ រហូតដល់ ជាង៥០០នាក់ ត្រូវបានចាប់ឃុំខ្លួន​ ក្នុងការបង្ក្រាបថ្មីបំផុត​ នៅតំបន់កាស្មៀរ​របស់កងកម្លាំងសន្តិសុខឥណ្ឌា ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ដកហូតសិទ្ធិ​ស្វ័យភាព​​នៅតំបន់នោះរួចមក ។

សាស្ត្រាសកលវិទ្យាល័យ, សកម្មជននយោបាយ ឬអ្នកជំនួញជាដើម​ ស្ថិតក្នុងចំណោម​មនុស្ស​ទាំង​៥៦០នាក់​ដែល​ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរឃុំឃាំង​បណ្តោះអាសន្ន អំឡុង​ពេលកងកម្លាំងសន្តិសុខ​ឥណ្ឌា ​ឆ្មក់​នៅពេលយប់​នៅតាមទីក្រុងនានា ដូចជា Srinagar, Baramulla និង Gurez ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Press Trust of India និងសារព័ត៌មាន Indian Express នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ។

កាសែតរ៉យទ័រ​បានប៉ាន់ស្មានថា អ្នកនយោបាយ និងក្រុមផ្តាច់ខ្លួន​ប្រហែល​៣០០នាក់​ត្រូវបានឃុំខ្លួនដោយប៉ូលិស ដែលធ្វើប្រតិបត្តិការ​បញ្ឈប់​កុំឲ្យមានធ្វើបាតុកម្ម ប្រឆាំង​ការដកសិទ្ធិស្វ័យភាព​តំបន់ខាងលើនេះ ។

ការចាប់ឃុំខ្លួនខាងលើនេះ ធ្វើឡើងនៅពេលដែល​នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី គ្រោងថ្លែងសុន្ទរកថា តាមវិទ្យុទៅកាន់ជនរួមជាតិ​នៅរសៀលថ្ងៃទី៨ ខែសីហា ដើម្បីពន្យល់ពីមូលហេតុ​ដែលរដ្ឋាភិបាល​ជាតិនិយមហិណ្ឌូ សម្រេចចិត្ត​ដកសិទ្ធិ​​ស្វ័យភាព​អាយុជាង​៧ទសវត្សរ៍នេះពីតំបន់​កាស្មៀរឥណ្ឌា តាមរយៈ​អនុក្រិត្យ​ប្រធានាធិបតីមួយច្បាប់នោះ ។

សភា​របស់ឥណ្ឌា​ក៏បានអនុម័ត​ច្បាប់​បែកចែក​​តំបន់មានជម្លោះ​ ដែលធ្លាប់​ត្រូវបានក្រុមឧទ្ទាមប្រដាប់អាវុធ​បះបោរប្រឆាំង​នឹងការគ្រប់គ្រងរបស់ឥណ្ឌា​តាំងពីឆ្នាំ១៩៨៩នោះ-ឲ្យទៅជាទឹកដីពីរបំណែក ហើយស្ថិតក្រោម​ការគ្រប់គ្រងដោយផ្ទាល់​ពីទីក្រុងញូវដេលី ។

កងទ័ពឥណ្ឌារាប់ពាន់នាក់​​នៅទីនោះ បានប្រកាសអនុវត្តច្បាប់បម្រាមគោចរ ក្នុងនោះ​ប្រព័ន្ធអ៊ីនធើណេត​ឬសេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ទាំងស្រុង ។ រដ្ឋាភិបាលទីក្រុងញូវដេលី​បានអះអាងថា ការបញ្ចប់ស្វ័យភាពគ្រប់គ្រងនៅក្នុងតំបន់​កាស្មៀរ គឺជាបញ្ហាផ្ទៃក្នុងរបស់ខ្លួន ៕


ចែករំលែក៖