ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានប្រជាពលរដ្ឋដេញតាម ឃាត់ខ្លួនបាន និងស្វាគមន៍យ៉ាងចាស់ដៃ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់ចតនៅមុខផ្ទះ តែមិនបានសម្រេច។
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះលេខ5Eo ផ្លូវលេខ១៥៤ ខាងក្រោយវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ថា ចាន់សី អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ចំណែកឯបក្ខពួកពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះមានឈ្មោះ រដ្ឋា អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាល ស្នាក់នៅក្នុងផ្ទះកើតហេតុ។
បើតាមសម្តីពីបុរសជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស៊ីអរអេះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CF-3521។ ដោយទើបតែចេញមកពីចូលរួមកម្មពិធី នៅផ្ទះមិត្តភក្តិបំណងត្រឡប់ មកសម្រាកនៅផ្ទះរបស់ខ្លួន ត្រង់ចំណុចកើតហេតុបានចាក់សោ និងបង្ហើបទ្វារផ្ទះតូចល្មម ដើម្បីបណ្តើរម៉ូតូចូលទៅក្នុងហើយសម្រាក ។
ខណ:ពេលជនរងគ្រោះជាប់រវល់និយាយទូរស័ព្ទ ជាមួយមិត្តភក្តិ ដោយបានទុកសោនៅជាប់នឹងម៉ូតូ ហើយបានដើរចេញទៅនិយាយទូរស័ព្ទប្រមាណ២០ម៉ែត្រពីម៉ូតូ។ មួយស្ទុះក្រោយមកស្រាប់តែមានជនសង្ស័យ រួមទាំងបក្ខពួកពីរនាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពលួចបណ្តើរម៉ូតូរបស់ជនរងគ្រោះ បម្រុងជិះរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះ ឃើញទាន់ក៏ស្រែកឆោឡោបង្កឲ្យជនសង្ស័យ ភ័យស្លន់ស្លោ ហើយក៏ផ្តួលម៉ូតូរបស់ជនរងគ្រោះចោលរត់គេចខ្លួនតែក៏ត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ នាំគ្នាចេញមកជួយស្ទាក់ចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសបាក់ជើង។ ចំណែកឯបក្ខពួកពីរនាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
បន្ទាប់ពីកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ