ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប ៖ អាជ្ញាធរខេត្តកោះកុងបិទភ្នែកមើលជនបរទេសចូលនេសាទក្នុងដែនសមុទ្រខ្មែរ

ចែករំលែក៖

គេរាយការណ៍ថាអាជ្ញាធរខេត្តកោះកុងឃុបឃិត បិទភ្នែក បិទត្រចៀកឲ្យមានបទល្មើសនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងគគ្រឹកគ្រេង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្មាននាក់នោះ ។ បទល្មើសនេសាទក្នុងការអនុញ្ញាតឲ្យបណ្តាជនបរទេសវៀតណាម និងថៃ ចូលមកនេសាទល្មើសច្បាប់នោះគឺមានទាំងថ្នាក់ដឹកនាំខេត្ត,នគរបាលព្រំដែនទឹក និងខណ្ឌរដ្ឋបាលជលផល ។ ពួកគេមិនដែលខ្វល់ចំពោះការបង្ក្រាបនោះទេ ព្រោះគិតថានៅក្នុងដែនសមុទ្រ គ្មាននរណាដឹងអំពីបញ្ហាបទល្មើសនោះឡើយ ។ ផ្ទុយទៅវិញគឺចាំតែយកប្រាក់ពីជនបរទេសទាំងនោះជាការស្រេច ។

បើតាមការអះអាងពីប្រជាពលរដ្ឋ អ្នកនេសាទ នៅឃុំកោះស្តេច ស្រុកគិរីសាគរបានឲ្យដឹងថា សព្វថ្ងៃទូកអ្នកនេសាទជនជាតិថៃ និងវៀតណាមរាប់រយគ្រឿងប្រើឧបករណ៍ខុសច្បាប់ ចូលមកចាប់ត្រីក្នុងដែនសមុទ្រខ្មែរជាចំហរទាំងយប់ទាំងថ្ងៃ ។ ក្នុងនោះទូកអូសឡង់ប្រមាណ១០ឈុត ហើយក្នុងមួយឈុតមានចំនួន៤ទៅ៦គ្រឿងទូក , ទូកប៉ាអនប្រហែល១០០ឈុត (ទូកភ្លើង)…កំពុងធ្វើសកម្មភាពនៅតំបន់ទឹករាក់ក្បែរកោះតាង ,កោះព្រីង រហូតពេញផ្ទៃដសមុទ្រខេត្តកោះកុង ។ ក្រៅពីនេះក៏មានទូកអូសគូប្រមាណ២០០គ្រឿងរបស់អ្នកនេសាទវៀតណាម និងថៃកំពុងធ្វើសកម្មភាពក្នុងសមុទ្រទឹកជ្រៅ ពីកោះតាងរហូតដល់ព្រំប្រទល់កោះត្រល់ទៀតផង ។

បើទោះជាបទល្មើសនេសាទកើតឡើងគគ្រឹកគ្រេងយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំខេត្តកោះកុងមិនដែលមានប្រតិកម្មនោះឡើយ ។ គ្មានប្រតិកម្មបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា ដោយសារតែបញ្ហាលាភសក្ការៈ ។ អ្នកទទួលបាន លាភសក្ការៈច្រើនជាងគេគឺថ្នាក់ដឹកនាំខេត្ត ,មន្ត្រីនគរបាលការពារព្រំដែនទឹក និងខណ្ឌរដ្ឋបាលជលផល ។ ប្រជា នេសាទនិយាយថា ពួកអ្នកនេសាទវៀតណាមនិងថៃ មានសិទ្ធិអំណាចពេញទី ក្នុងការប្រព្រឹត្តល្មើសដោយមិនញញើតនរណាឡើយ ។ រីឯពលរដ្ឋខ្មែរវិញ ប្រឈមនឹងបញ្ហាជាច្រើនជាមួយអ្នកនេសាទល្មើសច្បាប់ជាជនបរទេសទាំងនោះ ។ គេសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតជួយមើលករណី បទល្មើសនេសាទនៅតំបន់សមុទ្រខេត្តកោះកុងនោះផង ៕

 


ចែករំលែក៖