ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៦រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ជាប្រជាការពារខណ្ឌ
រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីផ្ទេរភារកិច្ចការងាររបស់មន្ត្រីជាប់កិច្ចសន្យា ជាកម្លាំងប្រជាការពារខណ្ឌ ដើម្បីពង្រឹងបន្ថែមលើការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវលើគោលដៅប្រចាំការរបស់មន្ត្រីប្រជាការពារយើង ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អភិបាល ក៏បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់បងប្អូនជាមន្ត្រីប្រជាការពារខណ្ឌ កន្លងមក បានរួមចំណែកយ៉ាងច្រើនលើការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
លោក អភិបាល ក៏បានធ្វើការណែនាំដល់មន្ត្រីយើងបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន បានល្អប្រសើរ ជាពិសេសពង្រឹងឲ្យបានប្រសើរឡើងថែមទៀតលើបញ្ហាវិន័យ ឋានានុក្រម ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់លើគោលដៅឈរជើងរៀងៗខ្លួន ៕ស តារា