ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តធុនធំចំនួន១៩គ្រឿង ខណៈបើកបរលើផ្លូវហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំចំនួន១៩គ្រឿង ដែលបើកបរលើផ្លូវហាមឃាត់ដូចជា៖ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តិរៈវិថីព្រះស៊ីសុវត្ថិ ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វេីការស្ទាក់ចាប់ រួចបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការអប់រំណែនាំ ។

លោក សុខ ពេញវុធ  អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ៧យប់ ដល់ម៉ោង ១១ និង០០នាទីយប់ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងដោយមានការចូលរួមពី លោកយស យុទ្ធី អភិបាលរងខណ្ឌ ; លោក ជួន ចិត្រ អធិការរងនគរបាលខណ្ឌ ;លោក  គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ដែលមានកម្លាំងចូលរួមមាន៖ កម្លាំងអធិការនគរបាលខណ្ឌខណ្ឌចំនួន១២នាក់ និងកម្លាំងប្រជាការពារខណ្ឌចំនួន៥០នាក់ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វេីកាស្ទាក់ចាប់រថយន្ត ធុនធំដែលបើកបរលើផ្លូវហាមឃាត់ដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តិរៈវិថីព្រះស៊ីសុវត្ថិ ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ក្នុងប្រតិបត្តិការនោះជាលទ្ធផល ឃាត់រថយន្ត ធុនធំបានចំនួន១៩គ្រឿង បានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការអប់រំណែនាំចំនួន១៥គ្រឿង  និង រក្សាទុកនៅសាលាខណ្ឌដូនពេញ ចំនួន០៤គ្រឿង(មូលហេតុម្ចាស់ឡានមិននៅ) ៕ស តារា


ចែករំលែក៖