ព័ត៌មានទាន់ហេតុការណ៍៖

ឡាន​ធំ​ៗឈប់​កណ្តាល​ថ្នល់​ពេល​យប់​ មិន​ដាក់​ស្លាក​សញ្ញា​ ធ្វើ​ឲ្យ​អ្នក​បើក​បរ​ពីក្រោយ​មើល​មិន​ឃើញ​បុក​ពេញទំហឹង​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា៖ យប់​​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០២:៤០នាទីរំលងអធ្រាត្រ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២២ -១២៣ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត ១គ្រឿងម៉ាក PRUIS ពណ៌ទឹកប្រាក់ស្លាក លេខភ្នំពេញ2R-7795 អ្នកបើកបរឈ្មោះ រាជ សុភាលី ភេទប្រុស អាយុ៤៨ឆ្នាំ អ្នករួមដំណើរចំនួន១នាក់ ត្រូវជាប្រពន្ធ អ្នកទាំងពីរមានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅពីភ្នំពេញទៅ ព្រះសីហនុ លុះដល់ចំណុចខាងលើ​ បានបុកពីខាងក្រោយ រថយន្ត១គ្រឿងម៉ាក HINO ពណ៍សស្លាក លេខភ្នំពេញ3E-0810 ដែលឈប់ចតនៅលើថ្នល់ក្នុងទិសដៅស្របគ្នា ។

គ្រោះថ្នាក់នេះបណ្តាលឲ្យ​រងរបួសធ្ងន់ មនុស្ស ១នាក់ ប្រពន្ធអ្នកបើកបររថយន្តPRUIS បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រអំបិល ។

អ្នកបើកបររថយន្តHINO ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ។

រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖