ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធ២នាក់ ចេញសែកគ្មានប្រាក់ចំនួន៦៥ម៉ឺនដុល្លារ ត្រូវតុលាការសម្រេចឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព. ស២៥៦២ ត្រូវ នឹងថ្ងៃទី២៤ សីហា ឆ្នាំ២០១៩នេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទប្ដីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីចេញសែកគ្មានប្រាក់ចំនួន៦៥ម៉ឺនដុល្លារ ( មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូងបាន ) ។ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកតុលាការ កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១៩នេះ ។

ជនជាប់ចោទត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ពេជ្រ សំណាង អាយុ៥៤ឆ្នាំ ( ប្ដី ) និងប្រពន្ធឈ្មោះ កែវ ស្រី អាយុ៥២ ឆ្នាំ ទាំង២នាក់ប្ដីប្រពន្ធរស់នៅផ្ទះលេខ ១អាបេ ផ្លូវលេខ ២០០៤ ក្រុម២០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ជនជាប់ចោទទាំងពីរនាក់ខាងលើ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក កី ម៉ានេរ៉ា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ឈ្មោះ ពេជ្រ សំណាងនិងឈ្មោះ កែវ ស្រី ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី ២១កុម្ភៈ ឆ្នាំ២០១៧ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន នៃប្រតិបត្តិការទូទាត់ប្រាក់ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម បានបញ្ជាក់ថា ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឈ្មោះ ពេជ្រ សំណាង និងឈ្មោះ កែវ ស្រី ចូលខ្លួនមកតុលាការដើម្បីបំភ្លឺ ។ ប៉ុន្តែមន្រ្តីនគរបាលយុត្តិធម៌ បានបញ្ជាក់ថា ជនសង្ស័យមិនមានវត្តមានក្នុងមូលដ្ឋាន និងដើម្បីធានាឲ្យការស៊ើបសួរមានតម្លាភាពនិងយុត្តិធម៌ ទើបតុលាការសម្រេចឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទមកប្រគល់ឲ្យតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង ។

បច្ចុប្បន្នជនជាប់ចោទ២នាក់ប្តីប្រពន្ធខាងលើនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំហៅមកសាកសួរនាពេលក្រោយ ៕ ស រស្មី


ចែករំលែក៖