ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជាគ្រូបង្រៀន ត្រូវជនមិនមុខបាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់មួយរំពេច សង្ស័យករណីគំនុំ

ចែករំលែក៖

ភ្នំពេញ៖ លោកគ្រូបង្រៀនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្បែរម៉ូតូរបស់ខ្លួន ខណៈដែលជនមិនស្គាល់មុខ បានធ្វើសកម្មភាពបាញ់ប្រហារទៅលើរូបគាត់ចំនួន៣គ្រាប់ រួចជនបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ករណីបាញ់សម្លាញ់មនុស្សមិនញញើតដៃខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ច្រកចូលឪកាសខ្ញុំ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀនវិទ្យាល័យ ទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខរតនគីរី 1E-7838 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមពីក្រោយរួចបាញ់ប្រហារទៅលើរូបគាត់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើដងផ្លូវក្បែរម៉ូតូរបស់ខ្លួន ។ ចំណែកឯជនដៃដល់ក្រោយពីបាញ់សម្លាប់ជនរងគ្រោះរួច បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់នៅសំបកកាទុស្សចំនួនមួយ និងជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកដល់ចំណុចកើតហេតុ ដោយយកខ្សែចងហ៊ុមពទ្ធ័ជុំវិញកន្លែងកើតហេតុ ដើម្បីឲ្យមន្រ្តីជំនាញត្រួតពិនិត្យស្វែងរកវត្ថុតាងដែលឃាតកបន្សល់ទុក ។ បន្ទាប់ពីមន្រ្តីជំនាញចុះដល់ ក៏ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តសែនសុខ ដើម្បីងាយស្រួលត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ក្រោយពីនិត្យរួចរាល់កប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សខាងលើនេះ នគរបាលជំនាញបានសន្និដ្ឋានជំហានដំបូងថា សង្ស័យករណីគំនុំ ព្រោះជនសង្ស័យមានបានយកម៉ូតូជនរងគ្រោះនោះទេ ដោយជនសង្ស័យជិះម៉ូតូម្នាក់ឯងមកធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវជនសង្ស័យ ដើម្បីស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ចន្ទ លីហ្សា


ចែករំលែក៖