ភ្នំពេញ៖ ស្ត្រីពីរនាក់ត្រូវបាននគរបាលហៅទៅសាកសួរ និងសម្របសម្រួលបន្ទាប់ពីពួកគេបានឈ្លោះគ្នា រហូតឈានទៅដល់ប្រើអំពើហិង្សា ទៅវិញទៅមក របួសទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួល លេខA2 ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចថា ភាគី(ក) ឈ្មោះ ប៉ាវ សុវតី ភេទស្រី អាយុ ៣៦ឆ្នាំ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល លេខA2 ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (របួសលើផ្ទៃមុខខាងឆ្វេង)។ ចំណែកភាគី(ខ) ឈ្មោះ នី លីដា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (របួសរលាត់ដៃខាងឆ្វេង) ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ប៉ាវ សុវតី កំពុងនៅបន្ទប់ជួល ស្រាប់តែឈ្មោះ នី លីដា បានមកយកកូនរបស់ខ្លួនដែលផ្ញើនឹងបងថ្លៃ ដែលស្នាក់នៅបន្ទប់ជាប់គ្នាភ្លាមនោះ ពួកគេទាំងពីរនាក់ ក៏បានទាស់សម្តីគ្នា និងជេរគ្នាទៅវិញទៅមក ។
សាក្សីដដែលបានបន្តថា បន្ទាប់មកឈ្មោះ នី លីដា បានដោះស្បែកជើងគប់ទៅគូទំនាស់តែមិនត្រូវ ភ្លាមនោះភាគីគូទំនាស់ក៏បានរើសស្បែកជើងគប់វិញតែមិនត្រូវដូចគ្នា ។ ភ្លាមនោះ ឈ្មោះនី លីដា បានដើរចូលក្នុងបន្ទប់វាយគូទំនាស់ទៅវិញទៅមក បណ្តាលឲ្យរបួសសងខាងតែត្រូវម្តាយ និងបងប្អូនឈ្មោះនីលីដា បានចាប់បំបែកតែម្តង។
ក្រោយកើតហេតុ ភាគីទាំងសងខាង ត្រូវបាននគរបាលហៅទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសម្របសម្រួលគ្នា ៕ សុខាសែនជ័យ