ភ្នំពេញ៖ ស្ត្រីម្នាក់ជាម្ចាស់ហាង ច័ន្ទ សាឡន បានប្រើហិង្សាយកកន្ត្រៃចាក់ទៅលើនារីម្នាក់ជាកម្មការិនីរោងចក្របណ្តាលឲ្យរបួសហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង២០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចាន់ ថា មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនបង្កឈ្មោះ ឡុញ ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ម្ចាស់ហាង ច័ន្ទ សាឡន ស្នាក់នៅក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា កន្លងមករូបខ្លួនធ្លាប់ធ្វើការនៅកន្លែងកើតហេតុរួចក៍បានឈប់តាំងពីយូណាស់មកហើយ ហើយពេលកន្លងមកក៏ធ្លាប់ទាក់ទងគ្នាតាមទូរស័ព្វ តែមិនដែលចុះសម្រុងគ្នានោះទេ ដោយសារម្ចាស់ហាងហៅមកធ្វើការវិញតែនាងមិនព្រម។
ជនរងគ្រោះបានបន្តថា រហូតមកដល់ថ្ងៃកើតហេតុ រូបនាងបានដើរកាត់កន្លែងជនបង្ក ពេលនោះម្ចាស់ហាង បានហៅជនរងគ្រោះឲ្យចូលក្នុងរួចនិយាយគ្នាក៏ទាក់ពាក្យសម្តីគ្នា ទើបជនបង្កម្ចាស់ហាង បានទះកំភ្លៀង ជនរងគ្រោះ រួចយកកន្រ្តៃមកចាក់បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ក៏មានការតដៃគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ