ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ សីហា និងព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ងកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាបបានបង្ក្រាបបទល្មើសជាក់ស្តែងមួយករណីគឺឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផតចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសលួចជាក្រុម (ដោយធ្វើសកម្មភាពរ៉ូត ឬឆ្កឹះសោវ៉ាល្លីសរបស់ភ្លៀវលួចយកសម្ភារៈ) ។
ជនសង្ស័យទាំង៥នាក់ខាងលើរួមមាន ១-ឈ្មោះ សុខ សុខន ភេទប្រុស អាយុ៤០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត មានទីលំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។ ២-ឈ្មោះ សុវណ្ណ វីរះ ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។ ៣-ឈ្មោះ រុណ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ៤-ឈ្មោះ ឌុល សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅភូមិបន្ទាយចាស់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និង ៥-ឈ្មោះ រិទ្ធ សារៃ ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
សេចក្តីរាយការណ៍បានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ កន្លងមកក្រុមហ៊ុនខេមបូឌាអ៊ែរផត ខេត្តសៀមរាបបានទទួលព័ត៌មានពីភ្ញៀវជាញឹកញាប់ដែរថា ត្រូវក្រុមជនសង្ស័យខ្វេះវ៉ាលីលួចយកសម្ភារ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើពីភ្ញៀវរួចមក ធ្វើឲ្យខាងក្រុមហ៊ុនយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពរបស់ជនល្មើស ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា ជាក់ស្តែងកាលពីវេលាម៉ោង៣ និង២០នាទីថ្ងៃទី២៥ និង២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចព្រលានយន្តហោះសៀមរាប ក្នុងប្រអប់យន្តហោះជាកន្លែងដាក់សម្ភារៈ ខណៈពេលនោះមានភ្ញៀវបាត់សម្ភារៈដូចសព្វមួយដង ទើបក្រុមហ៊ុនបានស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពរបស់ព្រលានយន្តហោះ ដោយបានឃើញនូវសកម្មភាពរបស់ក្រុមជនសង្ស័យលួចជាក់ស្តែងទៀតផង ។ ក្នុងនោះកាលពីវេលាម៉ោង៣ និង១០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឃើញឈ្មោះ សុខ សាខន, ឈ្មោះ រិទ្ធ សារៃ និង ឈ្មោះ ឌុល សុវណ្ណ បានធ្វើសកម្មភាពលួចរ៉ូតវ៉ាលីយកទ្រព្យសម្បត្តរបស់ភ្ញៀវ និងនៅវេលាម៉ោង៣ និង២០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឃើញឈ្មោះ រុណ រ៉ា, ឈ្មោះ សុវណ្ណ វីរះ និងបក្ខពួកម្នាក់ទៀតពុំស្គាល់ឈ្មោះកំពុងធ្វើសកម្មភាពលួចដូចគ្នាផងដែរ ។
ក្រោយពីឆែកឃើញតាមកាមេរ៉ាជាក់ស្តែងហើយ ទើបនៅវេលាម៉ោង១ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនខេមបូឌាអ៊ែរផត បានឃាត់ និងនាំខ្លួនបុគ្គលិកទាំង៥នាក់ខាងលើយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពលួចដូចការចោទប្រកាន់ប្រាកដមែន ។
ជនសង្ស័យក៏បានសារភាពទៀតថា នៅមានបក្ខពួកចំនួន៤នាក់ទៀតបានចូលរួមធ្វើសកម្មភាពលួចនេះដែរ ដែលទាំង៤នាក់នោះក្រុមហ៊ុនកំពុងសហការជាមួយសមត្ថកិច្ចស្វែងរកចាប់ខ្លួនហើយ ។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យក៏បានឱ្យដឹងដែរថា ១-ឈ្មោះ សុវណ្ណ វីរះ បានធ្វើសកម្មភាពលួចចំនួនប្រមាណ១០០លើក ២-ឈ្មោះ រុណ រ៉ា បានធ្វើសកម្មភាពលួចចំនួនប្រមាណ៤០លើក ៣-ឈ្មោះ រិទ្ធ សារៃ បានធ្វើសកម្មភាពលួចចំនួនប្រមាណ១០០លើក ៤-ឈ្មោះ សុខ សុខន ចូលរួមធ្វើសកម្មភាពលួចញឹកញាប់ (បានចំណែក) និង៥-ឈ្មោះឌុល សុវណ្ណ ចូលរួមធ្វើសកម្មភាព (បានចំណែក) ។
សមត្ថកិច្ចបានដកវត្ថុតាងដូចជាប៊ិចមានចុងស្រួចរឹងចំនួន៤ដើម សំរាប់ប្រើប្រាស់ជាឧបករណ៍ក្នុងការចាក់ឆ្កឹះកូនសោ ឬរ៉ូតវ៉ាលីយកលុយ និងទ្រព្យសម្បត្តិរបស់ភ្ញៀវ ។ វត្ថុតាងទាំងអស់នេះ រួមទាំងជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី