ខេត្តកណ្តាល៖ កូនតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងជោកជាំ ទាញកាំបិតផ្គាក់ដេញកាប់ម្ដាយខ្លួនឯង ព្រោះខឹងម្ដាយមិនរកប្រពន្ធឲ្យ និងទិញម៉ូតូឲ្យខ្លួនជិះ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣និង២០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ស្រ៊ិន ស្រ៊ី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯជនសង្ស័យឈ្មោះ អ៊ិន ម៉េងហ៊ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យ និងស្ត្រីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតផ្គាក់ចំនួន១ដើម ។
ប្រភពដដែលបន្តថា រយៈពេលកន្លងមក ជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីនឹងគ្នាពីបញ្ហាដែលជនសង្ស័យ សុំឲ្យម្ដាយរកប្រពន្ធឲ្យ និងទិញម៉ូតូ ឲ្យខ្លួនជិះ តែម្ដាយពុំមានប្រាក់ ទើបបានជាឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ លុះនៅពេលវេលាកើតហេតុខាងលើ ជនសង្ស័យ បានផឹកស្រាស ស្រវឹងជោកជាំ ពេលមកដល់ផ្ទះវិញ ខឹងម្ដាយស្ដីបន្ទោស ក៏រករឿងឡូឡាដាក់ម្ដាយ និងបានទាញយកកាំបិត ផ្គាក់ដេញកាប់ម្ដាយតែពុំត្រូវ ក្រោយមកជនរងគ្រោះជាម្ដាយ បានប្ដឹង នគរបាលប៉ុស្ដិ៍ពោធិបាន ឲ្យជួយអន្តរាគមន៍តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប្រើអំពើហិង្សា យកកាំបិតផ្គាក់ដេញកាប់ម្ដាយប្រាកដមែន និងមានសារធាតុញៀនក្រោយពីពិនិត្យទឹកនោម៕ ស្អាង ជ័យ