ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដែលរៀបចំគម្រោងបាញ់សម្លាប់ប្តីនៅខណ្ឌសែនសុខនោះ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបញ្ចូនខ្លួនស្ត្រីជាជនសង្ស័យពាក់ព័ន្ធនិងសំណុំរឿងរៀបចំគម្រោងសម្លាប់ប្តីទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០១៩នេះ ។

គួររំលឹកថាស្ត្រីសង្ស័យខាងលើត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីរៀបគម្រាងជាមួយសាហាយ បាញ់សម្លាប់ប្តីជាគ្រូបង្រៀននៅខណ្ឌសែនសុខ ។

ដូចពាក្យចាស់ថា “ឈាមស្រែកស្បែកហៅ”មិនខុសមែន ខណៈដែលស្រ្តីម្នាក់បានរៀបចំផែនការជាមួយសាហាយរបស់ខ្លួន ធ្វើសកម្មភាពបាញ់សម្លាប់បុរសជាប្តី បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទីយប់​ ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​សំរោង​ សង្កាត់​ឃ្មូ​ញ​ ខណ្ឌ​សែន​សុខនោះ ឥឡូវត្រូវកម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​ បាន​ស្រាវជ្រាវ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​នេះបានហើយ ​ ។ ដោយកម្លាំងជំនាញ​ឃាត់ខ្លួន​ស្រ្តីម្នាក់ជាប្រពន្ធ (ជាអ្នករៀបផែនការ)​ ចំណែកជនដៃដល់បានគេចខ្លួន​បាត់ ខណៈដែលសមត្ថិច្ចកំពុងស្វែងរកចាប់ខ្លួន ​ ។ ​

​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ បានឱ្យ​ដឹង​ថា​កាលពី​វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​នេះថា​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ ។ ​

ជនសង្ស័យ​មានគ្នា២នាក់ ម្នាក់ឈ្មោះ​ ឃឿ​ង​ ស៊ី​ហ៊​ន​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​២​ ផ្លូវ​២១០​ ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ (​ត្រូវជាប្រពន្ធជនរងគ្រោះ​) ចំណែកជនដៃដល់ឈ្មោះ មករា ជាសង្សារចាស់របស់ជនសង្ស័យ(គេចខ្លួន)​ ។ ​ ជន​រង​គ្រោះ​ឈ្មោះ​ រឿ​ន​ រតនា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួល​ប្រសាទ​សែន​សុខ​ ស្នាក់​នៅផ្ទះ​លេខ​២​ ផ្លូវ​២១០​ ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មូ​ញ​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​គ្រាប់​ចំពោះ​ខាងឆ្វេង​ស្លាប់​)​ ។ ​

លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​ បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​ និង​១៨​នាទី​ព្រលប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ ដឹក​មិត្ត​ស្រី​របស់​ខ្លួន​ចេញពី​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ មក​ផ្ទះ​ជួល​របស់​មិត្ត​ស្រី​ស្ថិត​នៅ​ភូមិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា ​ ។ ​ លុះដល់​ម៉ោង​១០​ និង​៣០​នាទីយប់​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល​របស់​មិត្ត​ស្រី​ មក​ផ្ទះ​របស់​ខ្លួន​វិញ ស្ថិត​នៅ​ភុ​មិ​សែន​សុខ​៥​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ វេលា​ម៉ោង​១១​ និង​៣០​នាទីយប់(ម៉ោងកើតហេតុ)​ ។ ​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​នៅ​ច​ណុ​ច​ខាងលើ​ មាន​ករណី​បាញ់​សម្លាប់​មនុស្ស​ប្រុស​ម្នាក់​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ សម្ថ​ត​កិច្ច​យើង​ចុះ​ដល់​ចំណុច​កើតហេតុ​ ធ្វើការ​ត្រួតពិនិត្យ​សហការ​ជាមួយ​ការិយាល័យ​កោសល​វិ​ច្ច័​យ​ និង​វិទ្យាសាស្ត្រ​ និង​បាន​ស្រាវជ្រាវ​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព​ និង​តាម​រយៈ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​មុន​ពេល​កើតហេតុ​ បាន​កំណត់​ភិនភាគ​ជនសង្ស័យនិង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​តែម្តង ។

លោកហួរ ម៉េងវ៉ាង បន្តថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ថា​ កន្លង​មក​ខ្លួន​ និង​ប្តី​(​ជន​រង​គ្រោះ​)​ ធ្លាប់​មាន​ទំនាស់​រស់នៅ​មិន​ចុះសម្រុង​និង​គ្នា​ ហើយ​តែងតែ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​ ។ ​ ដោយជន​រង​គ្រោះ​ និង​ជន​ដៃដល់​ឈ្មោះ​ មក​រា (សាហាយ)​ ក៏ធ្លាប់​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​នៅ​ពេល​ផឹកស៊ី​កន្លងមក ។ លុះ​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៩​ ​ជន​ដៃដល់​ឈ្មោះ​ មក​រា​ បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ ដើម្បី​រៀប​គម្រាងសម្លាប់​ជន​រង​គ្រោះ​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ ជា​អ្នក​មើលផ្លូវ​ និង​រាយការណ៍​ពី​សកម្មភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ ដល់​ជនដៃដល់ឈ្មោះ​ មក​រា​ (​គេចខ្លួន​)​ ។ រហូតដល់​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​បាន​ទៅ​លេង​ស្រុកភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ហើយ​ជនសង្ស័យ​ជាប្រពន្ធបាន​ទូរស័ព្ទ​ហៅ​ឲ្យ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ជនសង្ស័យ​ឈ្មោះ​ ឃឿ​ន​ ស៊ី​ហ៊​ន​ បាន​ទូរស័ព្ទ​ទៅ​សាហាយរបស់ខ្លួនជាជន​ដៃដល់​ពី​ដំណើរ​របស់​ជន​រង​គ្រោះ​ លុះ​ដល់ម៉ោងកើតហេតុវេលា​ម៉ោង​១១​និង​៣០​នាទីយប់ថ្ងៃដដែល​ ជន​រង​គ្រោះ​ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ មក​រា​ ធ្វើ​សកម្មភាព​បាញ់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ រួច​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ ។ ​​ វត្ថុ​តាង​បន្សល់​ទុក​៖​សំបក​គ្រាប់កាំភ្លើង​០១​គ្រាប់​ និង​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ស្កុប​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ រតនគីរី​ 1E-7838​ (​របស់​ជន​រង​គ្រោះ​)​ ។ ​

បើតាមប្រភពព័ត៍មានផ្សេងទៀត បានឲ្យដឹងថា ដើមឡើយស្រ្តីសង្ស័យ ពេលសមត្ថកិច្ចឃាត់ខ្លួនសាកសួរដំបូង ខ្លួនបានប្រាប់ បុរសជាប្តី(ជនរងគ្រោះ)មកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ។

ស្រ្តីដែលជារៀបចំផែនការបាញ់សម្លាប់ប្តី បានបញ្ជាក់ថា កន្លងមកប្តី(ជនរងគ្រោះ)តែងតែមានទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្រុងគ្នានិងធ្លាប់មានទំនាស់ពាក្យសំដីជាមួយបុរសម្នាក់ ដែលជាសង្សារចាស់របស់ខ្លួន ។ ទើបថ្ងៃទី២៥សីហា ឆ្នាំ២០១៩ នាងបានទូរសព្ទ័ជួបសង្សារចាស់ ដែលលួចទាក់ទងគ្នាមិនឲ្យប្តីដឹងនោះទេ រួចក៏រៀបចំផែនការបាញ់សម្លាប់ប្តីតែម្តង ។

លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលបុរសជាប្តី បានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លួនក៏បានទូរស័ព្ទឲ្យសង្សារចាស់(ជនដៃដល់) ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះជនសង្ស័យបានទូរស័ព្ទឲ្យជនដៃដល់ ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង ។ រួចឈ្មោះមករា បានទូរស័ព្ទមកប្រាប់នាងបាញ់សម្លាប់រួចរាល់ បានសម្រេច ហើយរួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ ។

ក្រោយកើតហេតុ នៅកន្លែងកើតហេតកម្លាំងនគរបាលជំនាញ បានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន០១គ្រាប់ ហើយនៅលើដងខ្លួនសាកសពជនរងគ្រោះ មានស្នាមរបួសចំនួន២ កន្លែងចំត្រង់ក្រោមឆ្អឹងជំនី សងខាង ដួលស្លាប់នៅលើផ្លូវក្បែរម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពីដែលជារបស់ជនរងគ្រោះជិះ ។

បច្ចុប្បន្នស្រ្តីសង្ស័យត្រូវ ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។ ចំណែកជនដៃដល់ឈ្មោះ មករា សមត្ថកិច្ចកំពុងស្រាវជ្រាវសាវតា ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនិង ក្រុមគ្រួសារ ៕ចន្ទ លីហ្សា


ចែករំលែក៖