ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តស៊េរីទំនើបពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកPORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z 9700. បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូហុងដាឌ្រីម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B 8970 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ៣២៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដោយមិនបន្ថយល្បឿន ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ នគរបាលបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ