ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែខឹងឪពុកក្មេកយកកាំបិតកែច្នៃមកគ្រវីគ្រវាត់លេង បណ្ដាលឲ្យត្រូវចំរូបគេនិងត្រូវចំថ្ពាល់កូនស្រីរបស់ខ្លួន ក៏ស្ទុះទៅទាញបងដែកតាន់វាយឪពុកក្មេករយះក្បាលដេរចំនួន១៥ថ្នេរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានចុះទៅជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហេង តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ នសុខ(គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ហាង វិចិត្រ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ នសុខ (ត្រូវជាឪពុកក្មេកជនដៃដល់ របួសចំលើក្បាលចំហៀងខាងឆ្វេង ដេរចំនួន១៥ថ្នេរ) ។ សម្ភារៈបន្សល់ទុក៖ កំណាត់ដែកតាន់មូល០១ដើមប៉ុនមេដៃ ប្រវែង៧តឹក ។
យោងតាមរបាយកាណ៍របស់នគរបាលជំនាញខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវជាកូនប្រសារ និងឪពុកក្មេក រស់នៅក្នុងផ្ទះជាមួយគ្នា ហើយជនសង្ស័យកំពុងអង្គុយផឹកស៊ីជាមួយប្អន នៅក្នុងផ្ទះចំណុចកើតហេតុខាងលើ ស្របពេលនោះជនរងគ្រោះមកដល់ផ្ទះ បានឃើញជនសង្ស័យ កំពុងអង្គុយផឹកស៊ី ជនរងគ្រោះក៍ខឹងហើយបានយកកាំបិតកែច្នៃ មកគ្រវីក្រវ័ត ត្រូវចំជនសង្ស័យ និងត្រូវចំថ្ពាល់កូនស្រីរបស់ខ្លួន ជនសង្ស័យខឹងបានស្ទុះទៅយកកំណាត់ដែក មកវាយត្រូវចំក្បាលរបស់ជនរងគ្រោះបណ្តាលឲ្យរបួសដេរ ១៥ថ្នេរ បន្ទាប់មកសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធឿន ព្រែកជ័យ