ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ ផឹកស្រាកំដរម្ដាយឈឺ រហូតស្រវឹងជោគជាំ រួចដើរទៅផ្ទះដើម្បីបើកភ្លើង លុះស្អែកឡើង ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអូខាងមុខផ្ទះជនរងគ្រោះ បង្ករការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សំ គង់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨ ជនរងគ្រោះ បានអង្គុយផឹកស្រានៅផ្ទះម្តាយខ្លួន ដើម្បីកំដរម្តាយឈឺ រហូតមកដល់វេលាម៉ោង២២យប់ ជនរងគ្រោះបានចេញពីកន្លែងផឹកស៊ីនៅផ្ទះម្ដាយ ទៅផ្ទះខ្លួនវិញ ដើម្បីបើកភ្លើងបំភ្លឺផ្ទះដូចសព្វមួយដង ដែលនៅខាងក្រោយភូមិប្រហែល១០០ម៉ែត្រ ដោយឡែកប្រពន្ធជនរងគ្រោះវិញ មិនបានមកជាមួយទេ ។ លុះពេលព្រឹកឡើង ដោយមិនឃើញប្តី(ជនរងគ្រោះ) មិននៅផ្ទះ ក៏មានការងឿងឆ្ងល់ ក៏បានសួរបងប្អូន ឲ្យជួយដើរក តែរកពុំឃើញទេ រហូតមកដល់វេលាម៉ោង១២និង៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ ពេជ និល បានអុំទូកទៅមើលមង ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់ក្នុងទឹកអូ រួចក៏ផ្អើលឆោឡោប្រាប់សាច់ញាតិជនរងគ្រោះ និង រាយការណ៍ទៅនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លា ដើម្បីធ្វើការពិនិត្យ ។
ក្រោយពីកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅកម្លាំងស្រុក ដោយមានការចួលរួមពីក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពឃុំ និងមេភូមិ រួចធ្វើការពិនិត្យសាកសព ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ