ភ្នំពេញ៖ លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានី បានបញ្ជាក់បែបនេះ ខណៈលោកស្រី
បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយ សេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីថ្ងៃទី១០ ខែ ឆ្នាំ២០១៩ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការចុះមូលដ្ឋានរបស់យើងនេះមានសារៈសំខាន់ណាស់ ពោលគឺ៖ ទី១,លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈ សកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងបានស្ដាប់នូវកង្វល់ សំណើ សំណូមពរ បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ទី២, ផ្សព្វផ្សាយ កម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដាក់ចេញវិធានការ និងសកម្មភាពអនុវត្តជាក់ស្តែង ។ និងទី៣, ដោះ ស្រាយនិងបូកសរុបសំណើ សំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋាន មានវិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកស្រីបានបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ កត្តាគន្លឹះសុខសន្តិភាព បាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយជម្រុញកំណើនសេដ្ឋកិច្ច ៧.៥% និងរក្សាបាននូវស្ថិរភា ពម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ។ ជាក់ស្តែងកំណើន សេដ្ឋកិច្ចកម្ពុជាចន្លោះ ឆ្នាំ២០១០ ដល់ ២០១៩ នេះ នៅតែអាចរក្សាបានអត្រាប្រហែល ដូចដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ចំពោះអតិផរណាត្រូវបានរក្សាឱ្យនៅទាបជាង ៤% ចំណែកអត្រាប្តូរប្រាក់មានស្ថិរភាព គឺប្រហែលស្នើនឹង ៤.០០០ ទៅ៤.១០០រៀល ក្នុង១ដុល្លា។ ចំណែកឯមន្ត្រីរាជការ រាជរដ្ឋាភិបាល ក៏បានបង្កើនប្រាក់បៀវត្សផងដែរដល់កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ ។ រីឯ កម្មករ កម្មការិនី ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាបានអនុវត្តប្រាក់ខែគោល ១៨២ដុល្លារសហរដ្ឋអាមេរិក ហើយ រដ្ឋាភិបាល ក៏បាននឹងកំពុងបន្តពិភាក្សារសម្រាប់តម្លើងប្រាក់ខែគោលសម្រាប់ អនុវត្តក្នុងឆ្នាំ ២០២០ ផងដែរ ។ កន្លងមកនេះសម្តេចតេជោ បានចុះជួបសំណេះសំណាល កម្មករ កម្មការិនី នៅតាមបណ្តា រាជធានី-ខេត្ត រយៈពេលជាង ២ឆ្នាំនេះ គិតចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ននេះ បានចំនួន ៦៧លើក សរុប កម្មករ កម្មការិនី ចំនួនជាង ៩៥ម៉ឺនាក់និងបានដាក់ចេញនូវគោលនយោបាយគាំពារ សង្គម បានលើកម្ពស់សុខុមាលភាព និងសាមគ្គីភាពព្រមទាំងបន្ថយនូវភាពក្រីក្រ ជាអតិបរិមា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំប្រឹងប្រែងពង្រឹង និងពង្រីក ការទំនាក់ ទំនង ការអភិវឌ្ឍមូលដ្ឋាន ជាមួយដៃគូ យើងកំពុងបន្ដ បង្កើនការចុះជួប ប្រជាពលរដ្ឋ និងបង្កើនទំនាក់ទំនងជាមួយមហាជនតាមូលដ្ឋាន តាមរយៈ ការកែលំអការផ្តល់សេវាសាធារណៈ ការជួយដោះស្រាយបញ្ហាប្រឈម និងការលំបាករបស់ប្រជាជន ដូចជា ការដោះស្រាយទំនាស់ដីធ្លី ការជួសជុល និងកសាងផ្លូវ ការស្តារលូ ប្រឡាយ ការកែរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ប្រមូលសំរាម ការធ្វើសួនច្បារ និងជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ និងងាយរងគ្រោះ ដូចជា ជនអនាថា កុមារកំព្រា ជនរងគ្រោះដោយទឹកជំនន់ អគ្គីភ័យ និងអ្នកក្រ ដែលមានជម្ងឺជាដើម។
លោក ឃួង ស្រេង បានបន្ដថា៖ សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋពិតជាចង់បានការរស់នៅដែលប្រកបដោយភាពសុខសាន្ត និងទទួលបានការផ្តល់សេវា គួជាទីពេញចិត្ត ជា ពិសេសការ បម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនដល់មូលដ្ឋាន ដូចជា ការធ្វើសៀវភៅស្នាក់នៅ ធ្វើអត្តសញ្ញាណបណ្ណ បញ្ជាក់សំបុត្រកំណើត ការសុំច្បាប់អនុញ្ញាតិ និងការសុំបញ្ជាក់លិខិតផ្សេងៗ លុបបំបាត់បាតុភាពអសកម្មនានា ដូចជា ការពង្រឹងសន្តិសុខ និងរក្សាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និងការលុបបំបាត់ការបំពានដោយអំណាចនានា ជាដើម៕ សំរិត