ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសម្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន 

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសម្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងអាគារខុនដូកំពស់៩ជាន់មួយកន្លែងដោយបានឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន យកទៅសួរនាំនៅនាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត រួមទាំងដកហូតសម្ភារៈជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យ ។

ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ម៉ោងជាង៦ល្ងាចថ្ងៃដដែល ទើបបញ្ចប់ ស្ថិតនៅក្នុងអាគារគ្មានលេខយីហោ តាមបណ្តោយផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៏ទោ ស៊ីវ ឈាន់ អនុប្រធាននាយកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ រួមនិងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌទួលគោក និងសមត្ថកិច្ចចិន បានសហការណ៍គ្នាយ៉ាងយកចិត្តទុកដាក់ទើបឈានដល់ការស្រាវជ្រាវឆ្មក់ចូលទៅឃាត់ខ្លួនជនជាតិចិនដែលសង្ងំលាក់ខ្លួននៅអាគារខុនដូនេះ ជាលទ្ធផលកម្លាំងជំនាញបានចូលទៅឆែកឆេរនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ក្នុងចំណោម១៤៤នាក់ ដែលក្រុមជនសង្ស័យបានចូលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តបទល្មើសរកស៊ីជំរិតតាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ថាVOIP រីឯអ្នកមិនពាក់ព័ន្ធត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាពជាធម្មតា ។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការសមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យជាជនជាតិចិនទៅឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចចិនមកទទួលយកនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេស បញ្ជូនទៅកាន់ប្រទេសចិនចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖