ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន បុរសម្នាក់ដើរចូលទៅដេញចាក់ និងគំរាមសម្លាប់គេដល់ក្នុងផ្ទះខឹងអតជឿសាច់ជ្រូក សាច់គោឲ្យខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ងួន វុទ្ធី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដើរចូលទៅដេញចាក់ និងគំរាមសម្លាប់គេដល់ក្នុងផ្ទះដោយសារខឹងម្ចាស់ផ្ទះអតជឿរសាច់គោ សាច់ជ្រូកអោយខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា”ដែលប្រព្រឹត្តនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២០ កញ្ញា ២០១៩ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរចិញ្ចឹមមាន់ ។

ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។

បើតាមរបាយការណ៌របស់សមត្ថកិច្ចបានអោយដឹងថា ៖ រយៈកាលកន្លងមកជនរងគ្រោះ ទ្រី សារ៉ន និងជនសង្ស័យ កែវ សេរីរ័ត្ន គឺជាមិត្តភក្ដិជិតស្និតនិងគ្នា ធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀតផង តែពុំដែលមានទំនាស់អ្វីនិងគ្នាទេ ។ លុះនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១១និង១០នាទី ជនសង្ស័យ កែវ សេរីរ័ត្ន បានជិះម៉ូតូចូលមកដល់ក្នុងផ្ទះ ទ្រី សារ៉ន រួចបានកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែឈ្មោះ កែវ សេរីរ័ត្ន ធ្លាប់ ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ ហើយ ពួកគេក៏បានទាក់ពាក្យសម្ដីគ្នា ទៅវិញទៅមក រួចជនសង្ស័យ បានរត់ទៅយកកាំបិតចុងស្រួចនៅលើគ្រែក្បែរម៉ូតូរបស់ខ្លួន មកដេញចាក់ឈ្មោះ ទ្រី សារ៉ន តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំដៃ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទប្រាប់ប្រពន្ធឈ្មោះ យ៉ុន បូរី ពីរឿងហេតុនេះ ។

បន្តិចក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមកដល់ រួមជាមួយអ្នកជិតខាងជាច្រើននាក់ចូលមកឃាត់ តែជនសង្ស័យពុំស្ដាប់ឡើយ ហើយជនសង្ស័យរូបនេះ បានជិះម៉ូតូទៅឈប់មុខផ្ទះ ហើយបានស្រែកគំរាមសម្លាប់ប្រពន្ធជនរងគ្រោះទៀត បើសិនណាហ៊ានយកទូរស័ព្ទថតរូបខ្លួន រួចហើយជនសង្ស័យបានយកដុំប៊ូល(ដែក) ចេញពីកែបម៉ូតូរុំជាមួយក្រម៉ាពោះគោ បោកទៅលើតុ និងជញ្ជាំងផ្ទះជនរងគ្រោះ បណ្ដាលអោយធ្លាក់បែកជញ្ជីងថ្លឹងសាច់គោ ចំនួន ០១ ហើយបានស្រែកគំរាមថាជាគ្រាប់បែក និងបានគំរាមថានិងសម្លាប់ប្រពន្ធ កូន ជនរងគ្រោះចោល រួចក៏បានជិះម៉ូតូចេញទៅតែម្ដង ។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដី អោយជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វការស្រាវជ្រាវរហូតបាននាំខ្លួនជនសង្ស័យ កែវ សេរីរ័ត្ន បាននៅព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖