ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងដេញកាប់ វាយ គប់គ្នា នៅស្អាងភ្នំ ស្រុកស្អាង តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមក្មេងទំនើងដែលដេញកាប់ វាយ គប់គ្នានៅស្អាងភ្នំ ស្រុកស្អាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងពលរដ្ឋនៅជិតកន្លែងកើតហេតុ ត្រូវបានលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនា” (ទៅវិញ ទៅមក) ដែលប្រព្រឹត្តនៅស្ពានអូរចារ ស្ថិតក្នុងភូមិវាលឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ កញ្ញា ២០១៩។

ជនត្រូវចោទទី០១ឈ្មោះ សុខ សំណាង ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី០២ឈ្មោះ សេង រតនា ហៅរដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី០៣ឈ្មោះ ដា ឆៃហ្វុង ហៅឆៃឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ជនសង្ស័យទាំង០៣នាក់មានទីលំនៅ ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោង១៥និង០០នាទី មុនពេលកើតហេតុមានឈ្មោះ ខុន រដ្ឋា ហៅតុង ភេទប្រុស អាយុ១៨ឆ្នាំឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូឌុបគ្នាចំណែកឯឈ្មោះដាឆៃហ្វងហៅ ឆៃឡេង និងឈ្មោះ នី ឧត្តម ជិះម៉ូតូឌុបគ្នាចេញពីភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទៅលេងផ្ទះមិត្តភក្រ័នៅផ្សារកណ្ដាលភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

នៅពេលដែលចេញមកវិញ បានជួបក្រុមជនសង្ស័យទី២ ជិះម៉ូតូ ០២ គ្រឿង មានគ្នា០៤នាក់ភេទប្រុស អាយុប្រហែល១៨ ទៅ១៩ឆ្នាំ ស្រករៗគ្នា បានសម្លក់សម្លឹងឌឺដងគ្នា ហើយក៏ត្រូវបក្ខពួកជនសង្ស័យទី២ ជិះម៉ូតូដេញវ៉ៃដល់ចំណុចមុខវត្តព្រែកតូច ស្ថិតក្នុងឃុំព្រែកគយ បណ្ដាលឱ្យឈ្មោះខុន រដ្ឋា និងឈ្មោះ នី ឧត្តម ជិះម៉ូតូជាមួយគ្នាដួលរងរបួសស្រាល ។ លុះដល់ម៉ោង១៥និង៤៥នាទីជនសង្ស័យក្រុមទី១ ដែលមានគ្នា ០៦ នាក់បានជិះម៉ូតូ០៣គ្រឿងទៅលេងនៅចំណុចអូរចារ ស្ថិតក្នុងឃុំស្អាងភ្នំ បានជួបក្រុមជនសង្ស័យទី២ រួចបានធ្វើសកម្មភាពដេញវាយកាប់គ្នាទៅវិញទៅមក ហើយបានរត់គេចរៀងៗខ្លួន ដោយបន្សល់ទុកនៅ ម៉ូតូ០១គ្រឿង ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំក្រាំងយ៉ូវ.ព្រែកគយ បានចុះដល់កន្លែងកើតស្រាវជ្រាវរកឃើញបក្ខពួកជនសង្ស័យ ក្រុមទី១ ចំនួន០៣ នាក់យកមកសាកសួរ ហើយបានសារភាពថា៖ ពួកខ្លួនពិតជាបានដេញវាយកាប់គ្នាពិតប្រាកដមែន ។ ចំណែកបក្ខពួកម្ខាងទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ៕ ឆ ដា


ចែករំលែក៖