ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបកប្រែភាសាចិនម្នាក់ ដេកស្លាប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញកោសល្យវិច័យរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការត្រួតពិនិត្យសពបុរសម្នាក់ ដែលជាអ្នកបកប្រែភាសាចិនម្នាក់ ខណៈដែលម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧៦ ផ្ទះលេខ២១ សង្កាត់ត្បិតកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ កាន់ យ៉ាវ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិនស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង៨យប់ ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ហើយចូលសម្រាកដូចសព្វដង ។ លុះដល់រហូតម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ មានក្មួយម្នាក់បានចេញមកធ្វើការបានឃើញបន្ទប់ជួលរបស់ពូ(ជនរងគ្រោះ)ចំហរ ហើយក៏សួរនាំថាស្មើរនិងហើយពូមិនទាន់ដេកទៀត ពេលនោះពូបានក៏ឆ្លើយតវិញថាពូមិនទាន់ដេកទេរួចក្មួយនោះដើរទៅដេកបាត់ទៅ ។

ប្រភពដដែលបន្តថា លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ម្ចាស់ផ្ទះក៏មានការសង្ស័យថា ថ្មើនិងហើយហេតុអ្វី? ក៏ជនរងគ្រោះមិនព្រមយកម៉ូតូជិះទៅធ្វើការទៀត? ក៏បានទៅបើកបន្ទប់មើល ស្រាប់តែជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ភ្លាមៗនោះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះទៅជួយពិនិត្យមើលជាក់ស្តែង ។

ក្រោយត្រួតពិនិត្យកោសល្យវិច័យ ក្រុមកម្លាំងជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី


ចែករំលែក៖