ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី២ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនិងបទល្មើស២ផ្សេងគ្នា ត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជាបន្ទាប់បន្តដោយ២នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទមិនសម្រេច និងម្នាក់ទៀតពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃបានសម្រេចចំនួន៣គ្រឿង តែមិនបានសម្រេច ។

យោងតាមមន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនបានកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវព្រនរោត្តម ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង (ពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទមិនសម្រេច )។

ជនសង្ស័យទី១មានឈ្មោះ លី វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨៥៥ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS-7027 , និងទី២ឈ្មោះ រ៉ុង គឹម ឈួង ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវថ្នាក់ទី៩ (ជាអ្នកមើលផ្លូវ) ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋតាមដងផ្លូវមិនសម្រេច ។ រីឯបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ ។

មន្រ្តីដដែលបានបន្តថា ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ សយ ចាន់ទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិដើមមៀន សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំនើតនៅភូមិបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ចំណែកជនរងគ្រោះឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់តុទូ នៅចំណុចផ្ទះលេខ ១៧៩អា ផ្លូវលេខ៩៣ ក្រុម២២ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ប្រភពបន្តទៀតថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះ សយ ចាន់ទី កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ខណៈដែលកំពុងធ្វើសកម្មភាព លួចគាស់ផ្ទះរបស់ជនរងគ្រោះ លួចយកទូរស័ព្ទចំនួន៣គ្រឿងតែមិនសម្រេច ត្រូវជនរងគ្រោះដឹងខ្លួនទាន់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

វត្ថុតាងដកហូតបានរួមមាន៖ទូរស័ព្ទចំនួន៣គ្រឿង ; ដែកថ្នាំងអំពៅចំនួន២ដើម និងមេសោចំនួន១ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធករណី២ផ្សេងគ្នាខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖