ស្ងាត់ៗថ្មីៗនេះស្រាប់តែមន្ត្រីនគរបាលតូចតាចនៅ ការិយាល័យកណ្តាលបង្រ្កាបបទល្មើសរាជធានីភ្នំពេញ មានទីតាំងជិតស្តុបឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចំនួន៣ការិយាល័យ នាំគ្នារើតោករើហឹងដាក់លើរថយន្តទៅនៅកន្លែងថ្មី ដោយម្នាក់ៗធ្វើទាំងទឹកមុខស្រពោននិងគិតក្នុងចិត្តថា « ម្តងនេះចិនមិនត្រឹមដេញខ្មែរ ឲ្យខ្មែរដេញខ្មោចទេ គឺចិនថែមដេញទាំងប៉ូលិសទៀត »
អ្វីដែលកាន់តែធ្វើឲ្យសង្វេគដែលធ្វើឲ្យមន្រ្តីនគរបាលនៅទីនោះអួលដើមក រកឈានជើងចេញមិនចង់រួចនោះ គឺពួកគាត់បានឃើញកម្មករបួនប្រាំនាក់ មានសម្ភារនិងឧបករណ៍គ្រប់គ្រាន់ មានឆ្អឹងដែក និងសន្លឹកស័ង្កសីយកទៅធ្វើរបងហ៊ុមព័ទ្ធបាំងទីតាំងការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសរាជធានីភ្នំពេញបិទជិត ប្រៀបដូចចាប់បង្ខំឲ្យមន្ត្រីបម្រើការងារទាំង៣ការិយាល័យទីនោះ ត្រូវតែរើតោករើហឹុងចាកចេញឱ្យបានឆាប់ កុំឱ្យនៅច្រេងច្រុំដល់ណាទៀត ដើម្បីម្ចាស់ថ្លើមថ្លៃយកដីសម្រាប់សាងសង់អ្វីមួយព្រោះថ្នាក់លើលក់ឲ្យគេហើយ ។
មន្រ្តីនគរបាលតូចតាចនៅទីនោះមិនបានបញ្ជាក់ថា តើថ្នាក់លើដល់កំពូលមួយណាស៊ីញ៉េលក់ទីតាំង ឆ្នាំងបាយរបស់ការិយាល័យកណ្តាលបង្រ្កាបបទល្មើសរាជធានីភ្នំពេញ ទាំង៣ការិយាល័យនេះឲ្យអ្នកណាទេ គ្រាន់តែប៉ាន់ស្មានថាក្រៅពី ក្រុមកឺកឺ(បងធំចិន) សហការជាមួយសេដ្ឋីស្រុកខ្មែរនោះមិនអាចអ្នកណាមានសមត្ថភាពឡើយ ព្រោះតាមដឹងដីដែលមានទំហំជិតមួយហិកតានេះលក់បានដល់ទៅ ជាង១១លានដុល្លារអាមេរិកឯណោះ ។
កាន់តែស្រណោះស្រណោកទៀតនោះ គឺការរើតោករើហឹុង ទាំងបែកញើសរហេមរហាមរបស់មន្រ្តីនគរបាលទាំងនោះបាននាំគ្នារអូរទាំគ្រប់ៗគ្នាថា គេបាំងរបងបង្ខំឲ្យយើងចេញហើយ តែដូចជាមិនទាន់មានឮពាក្យថា ដោះស្រាយគោលនយោបាយឲ្យមន្ត្រីនគរបាលជាតិ ដែលរស់នៅបម្រើការងារលើទីតាំងនេះយូរឆ្នាំនោះខ្លះសោះ ខណៈដែលកាលពីគេដេញពីទីតាំងចាស់ដំបូងនៅជិតផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ឲ្យមកនៅទីតាំងសព្វថ្ងៃនេះ មន្ត្រីថ្នាក់តូចទាបបំផុតក៏បានទទួលប្រាក់ឧបត្ថម្ភម្នាក់៥០ដុល្លារដែរ ចំណែកពេលនេះស្ងាត់សូនឈឹង ។
មន្រ្តីនគរបាលតូចតាចបានបង្ហើបថា ដើម្បីសម្រាលការដាក់បន្ទុកនិងដាក់ការសង្ស័យពីមហាជនលោកស្នងការនគរបាលរាជធានីភ្នំពេញថ្មីៗចុងក្រោយនេះធ្លាប់បានថ្លែងទៅកាន់មន្ត្រីបម្រើការងារនៅការិយាល័យទាំង៣អង្គភាព មានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការិយាល័យប្រឆាំងគ្រឿងញៀនថា ដើម្បីប្រមូលផ្តុំកម្លាំងឲ្យជុំគ្នាងាយស្រួលក្នុងភាពគ្រប់គ្រង និងចុះធ្វើការងារគឺតម្រូវធ្វើការសាងសង់អគារថ្មីនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង សម្រាប់កម្លាំងនគរបាលការិយាល័យទាំង៣នេះ តែមិនបានបញ្ជាក់ថាទីតាំងចាស់នេះទុកធ្វើការអភិវឌ្ឃអ្វី ឬលក់ឲ្យចិននោះទេ ។ បើលក់ឲ្យចិនមែន! នេះហើយគេហៅថា ចិនមិនត្រឹមដេញខ្មែរ ខ្មែរដេញខ្មោចទេ ពេលនេះចិនដេញទាំងនគរបាលទៀត ព្រោះអាហ៊ាមានលុយ ។ ឱ! សម្បត្តិរដ្ឋស្រុកខ្មែរអើយ ! ៕