ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមចោរប្លន់៣នាក់ យ៉ាងសកម្មនៅខណ្ឌដង្កោទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បានបញ្ជូនក្រុមចោរប្លន់៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ យ៉ាងសកម្មនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ បន្ទាប់ពី​កម្លាំង​នគរបាលព្រហ្មទណ្ឌ​ខណ្ឌ សហការជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន ​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទីរសៀល ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១១០ មួយ​គ្រឿង រួម​នឹង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ បាន​សម្រេច​កាលពី​ជាង​កន្លះ​ខែ​មុន ។

ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​ រួម​មាន​ទី​១-​ឈ្មោះ ស៊ុំ ពេជ្រ​រស្មី ហៅ ឌុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​, ទី​២-​ឈ្មោះ សំ សម្បត្តិ ហៅ វ៉ា​ត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ក្នុងភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ ឈិ​ន ចាន់​អ៊ូ​រ៉ា​ន់ ហៅ រ៉ា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​សាយ​គៀច ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​នគរបាល​ដកហូត​យក​បាន​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​, ម៉ូតូ​ចំនួន​០៣​គ្រឿង និង​បង្កាន់ដៃ​បញ្ចាំ​ម៉ូតូ​០១​សន្លឹក​ទៀត ។

រីឯ​បក្ខពួក​៣​នាក់​ទៀត ​កំពុង​រត់គេច​ខ្លួន​រួម​មាន​ទី​១-​ឈ្មោះ អឿ​ង វិ​រៈ ហៅ ច​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​២-​ឈ្មោះ យន្ត ប៊ុ​ន​លី ហៅ អា​ត្នោត ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៣-​ឈ្មោះ យុទ្ធ ភេទ​ប្រុស អាយុ​ប្រហែល​២៤​ឆ្នាំ ។ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​យ កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ (​អា​សង់​ប៊ិ​ច​)​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក Iphone 7plus ។

គួររលឹកថា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្តិ​ចំនួន​០២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០(​អា​សង់​ប៊ិ​ច​) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទៅ​អង្គុយ​លេង​នៅ​ខ្យូ​ស​(​កញ្ចុះ​)​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បុរី​សាន់​ស៊ី​ម៉ិច ក្នុងភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ លុះ​ពេល​កំពុង​តែ​អង្គុយ​និយាយ​គ្នា​លេង​បណ្តើរ​ហូប​នំ​ប៉ាវ​បណ្តើរ ស្រាប់តែ​មាន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ជិះ​ម៉ូតូ​០៣​គ្រឿង​ទៅ​ដល់​ក្បែរ​កន្លែង​ជន​រង​គ្រោះ​អង្គុយ​រួច​បាន​ចុះ​ពីលើ​ម៉ូតូ​រត់​សំដៅ​មក​រក​ជន​រង​គ្រោះ​ដោយ​មាន​កាន់ដំបង​ដែក​បំពង់​ទីប​ជ្រុង​ហើយ​ស្រែក​គំរាម​ថា «​ហ្នឹងហើយ​ៗ» ។ ពេល​នោះ​​ជន​រង​គ្រោះ និង​មិត្តភក្តិ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ និង​ទូរស័ព្ទ​ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​យក​ម៉ូតូ និង​ទូ​ស័ព្ទ​ដៃ​ម៉ាក Iphone 7plus របស់​ជន​រង​គ្រោះ​ជិះ​គេច​ខ្លួន​បាត់​តែ​ម្តង ។

បន្ទាប់ពី​កើតហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ដើម្បី​ជួយ​ធ្វើអន្តរាគមន៍​ ​ភ្លាម​​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ សហការ​ជាមួយ​កម្លាំង​នគរបាលព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ក្នុង​បុរី​សាន់​ស៊ី​ម៉ិច ហើយ​បាន​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​០២​នាក់​ក្នុង​ចំណោម​០៦​នាក់​នោះ​គឺ​ទី​១-​ឈ្មោះ ស៊ុំ ពេជ្រ​រស្មី ហៅ​ឌុន និង​ទី​២-​ឈ្មោះ យន្ត ប៊ុ​ន​លី ហៅ អា​ត្នោត ។ រហូត​ដល់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៥០​នាទីរសៀល ទើប​ឈាន​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ជនសង្ស័យនៅ​សល់​៣​នាក់​ទៀត​កំពុង​​រត់គេច​ខ្លួន​នៅឡើយ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ​ទាំង​០៣​នាក់​ បាន​សារភាព​ថាពួក​ខ្លួនព្រមទាំងបក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន​៣​នាក់​ទៀត​នោះ ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​ដំបង​ដែក​ទីប​ជ្រុង​ដេញ​វាយ​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដមែន ហើយម៉ូតូដែលប្លន់បាននោះយកទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រួច​យក​លុយ​ចែក​គ្នា​ស៊ីចាយ​អស់ហើយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖